ពូកែឡើងថ្លៃពេក មានអីអាជ្ញាធរផាកពិន័យជិត ៣០០ ដុល្លារវិញ ពីបទកេងប្រវញ្ចភ្ញៀវទេសចរ
សារព័ត៌មានក្នុងស្រុកវៀតណាមមួយបានចុះផ្សាយនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ នេះថា អាជ្ញាធរនៅ Sapa នៃខេត្ត Lao Cai ភាគខាងជើងប្រទេសវៀតណាម បានធ្វើការផាកពិន័យជាប្រាក់ចំនួន ៧ លានដុង ស្មើនឹង ២៩៦ ដុល្លារអាមេរិក លើម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលបានគិតប្រាក់ពីភ្ញៀវទេសចរពីរនាក់ថ្លៃជាងក្នុងបញ្ជីមុខម្ហូប។
នៅក្នុងករណីនេះ លោក Hoang Thi Vuong ប្រធានការិយាល័យវប្បធម៌ និង ព័ត៌មាន Sapa បានបញ្ជាក់ពីការពិន័យកាលពីរសៀលថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថា ភោជនីយដ្ឋាននេះមិនបានបម្រើអាហារតាមតារាងតម្លៃរបស់គេទេ ហើយការផាកពិន័យផ្នែករដ្ឋបាលនេះធ្វើឡើងបន្ទាប់ពីមានភ្ញៀវទេសចរបានបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់គេទាក់ទងនឹងតម្លៃអាហារនៅទីនោះ ដែលបានគិតលុយសរុបចំនួន ៩០៣ ០០០ ដុង (ប្រមាណ ៣៨ ដុល្លារ) សម្រាប់មុខម្ហូប ដូចជា បាយឆា ២ បានតម្លៃ ៣៩៨ ០០០ ដុង (១៧ ដុល្លារ) ភ្លៅមាន់បំពង ៤៩៥ ០០០ ដុង (២១ ដុល្លារ) និង ១០០០០ ដុង (០.៤២ ដុល្លារ) សម្រាប់ទឹកសុទ្ធមួយដប។
លើសពីនេះទៅទៀត ម្ចាស់ភោជនីយដ្ឋានក៏បានសារភាពថា បានទារប្រាក់ចំនួន ៩០៣ ០០០ ដុង តាមការបង្ហោះរបស់ភ្ញៀវមែន ដូច្នេះហើយទើបអាជ្ញាធរបានផាកពិន័យម្ចាស់ហាងចំនួន ៧ លានដុងដែលស្មើនឹង ២៩៦ ដុល្លារអាមេរិក ចំពោះការលក់ទំនិញខុសពីបញ្ជី ដោយឱ្យម្ចាស់ហាងចុះហត្ថលេខាប្តេជ្ញាចិត្តមិនប្រព្រឹត្តរឿងបែបនេះម្តងទៀត។ គួរបញ្ជាក់ដែរថា Sapa គឺជាតំបន់ដ៏ល្បីល្បាញមួយនៅភាគខាងជើងប្រទេសវៀតណាម ដែលបានស្វាគមន៍ភ្ញៀវទេសចរប្រមាណជា ៤២ ០០០ នាក់ ក្នុងថ្ងៃឈប់សម្រាកឆ្នាំថ្មី៕
ប្រភព និង រូបភាពដោយ៖ Tuoi Tre News & Vietnam Post English