មហាជនរំភើបចិត្ត ក្រោយដឹងថា Kabosu ឆ្កែល្បីយកធ្វើ Meme ធូរស្បើយច្រើនពីជំងឺ
កាលពីពេលថ្មីៗកន្លងទៅ មហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើន បាននាំគ្នាបង្ហាញក្ដីព្រួយបារម្ភ និង បន់ស្រន់ ក្រោយម្ចាស់ឆ្កែមួយក្បាលប្រភេទ Shiba Inu ដែលជាឆ្កែទទួលភាពល្បីល្បាញដោយសារការលេងទឹកមុខរបស់វារហូតគេយកធ្វើ Meme នោះ បានប្រកាសលើបណ្ដាញសង្គម Instagram របស់លោកស្រីថា Kabosu (ឈ្មោះរបស់ឆ្កែ) អាយុ ១៧ ឆ្នាំ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយជំងឺពាក់ព័ន្ធនឹងថ្លើមរបស់វា។
ស្ថានភាពរបស់ Kabosu នាពេលកន្លងមកនោះ គឺធ្ងន់ធ្ងរខ្លាំង រហូតវាលែងអាចស៊ី និង ផឹកទឹកដោយខ្លួនឯងបាន។ ទោះជាយ៉ាងណា ស្រាប់តែមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ លោកស្រី Atsuko Sato ដែលជាម្ចាស់ បានទម្លាយស្ថានភាពបន្ថែមពីឆ្កែសំណព្វរបស់នាងថា Kabosu ឥលូវគឺធូរស្បើយច្រើនហើយពីជំងឺរបស់វា។ វាអាចផឹកទឹក ស៊ីចំណី និង អាចទៅបន្ទប់ទឹកបានដោយខ្លួនឯងបាន។
ក្រៅពីទម្លាយពីស្ថានភាពជំងឺរបស់ Kabosu ហើយនោះ លោកស្រី Atsuko Sato ក៏មិនភ្លេចធ្វើការអរគុណដល់មហាជនដែលតែងតែគាំទ្រ និង ស្រឡាញ់ឆ្កែរបស់នាង ព្រោះថា Kabosu អាចមានស្ថានភាពប្រសើរបែបនេះ ក៏ដោយសារតែការបន់ស្រន់ ជូនពរពីមហាជនទាំងអស់គ្នាផងដែរ ៕