កាណាដា ដាក់បម្រាមមិនឱ្យជនបរទេសទិញផ្ទះ ក្រោយតម្លៃផ្ទះហក់ឡើងខ្លាំងពេក
ការហាមប្រាមជនបរទេសទិញអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសកាណាដា បានចូលជាធរមាននៅថ្ងៃអាទិត្យ ទី ១ ខែមករា ឆ្នាំ ២០២៣ ក្នុងគោលបំណងទុកឱ្យមានផ្ទះច្រើនសម្រាប់ប្រជាជនរបស់ខ្លួន ដែលប្រឈមនឹងវិបត្តិលំនៅដ្ឋាន។
យ៉ាងណាមិញ ក៏មានករណីលើកលែងមួយចំនួន ចំពោះបុគ្គលជាច្រើនដូចជា ជនភៀសខ្លួន និង អ្នករស់នៅអចិន្ត្រៃយ៍ ដែលមិនមែនជាពលរដ្ឋអាចទិញផ្ទះបានផងដែរ។ កាលពីចុងខែធ្នូ រដ្ឋធានី Ottawa ក៏បានបញ្ជាក់ថា ការហាមប្រាមនឹងអនុវត្ត គឺមានតែចំពោះលំនៅដ្ឋានក្នុងទីក្រុងប៉ុណ្ណោះ មិនមែនចំពោះអចលនទ្រព្យសម្រាប់ទុកសម្រាកកម្សាន្តដូចជា ផ្ទះលំហែនារដូវក្ដៅទេ។
គួរបញ្ជាក់ដែរថា វិធានការបណ្ដោះអាសន្ន ដែលហាមជនបរទេសទិញផ្ទះធ្វើឡើងក្នុងរយៈពេល ២ ឆ្នាំនេះគឺ ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau អំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២១ ព្រោះតែតម្លៃផ្ទះកើនឡើង ធ្វើឱ្យពលរដ្ឋកាណាដាជាច្រើនគ្មានលទ្ធភាពទិញផ្ទះ។
ប៉ុន្តែ បើយោងតាមសមាគមអចលនទ្រព្យកាណាដា តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ៥៩០ ០០០ ដុល្លារអាមេរិក កាលពីដើមឆ្នាំ ២០២២ មកត្រឹមតែជាង ៤៦៥ ០០០ ដុល្លារអាមេរិកកាលពីខែធ្នូកន្លងទៅ ខណៈដែលអ្នកជំនាញជាច្រើនក៏បាននិយាយថា ការហាមឃាត់ជនបរទេសទិញផ្ទះនឹងមិនមានឥទ្ធិពលធ្វើឱ្យផ្ទះកាន់តែមានតម្លៃសមរម្យនោះទេ។
ផ្ទុយទៅវិញ សាជីវកម្មកម្ចីទិញផ្ទះកាណាដា និង លំនៅដ្ឋានរបស់ប្រទេសកាណាដា ដែលជាទីភ្នាក់ងារលំនៅដ្ឋានជាតិបាននិយាយនៅក្នុងរបាយការណ៍កាលពីខែមិថុនាថា លំនៅដ្ឋានជិត ១៩ លានយូនីតនឹងត្រូវការនៅឆ្នាំ ២០៣០ ខាងមុខនេះ ដែលវាមានន័យថាផ្ទះថ្មីចំនួន ៥.៨ លានខ្នងត្រូវតែសាងសង់ឡើង ដើម្បីបំពេញតម្រូវការ៕
ប្រភព៖ CNA