ក្រុមហ៊ុន Neuralink របស់ Elon Musk ត្រូវគេស៊ើបអង្កេតភ្លាមៗ ក្រោយធ្វើឱ្យសត្វ ១៥០០ ក្បាល ឈឺចាប់រហូតអស់ជីវិត
ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីពិភពលោក Elon Musk កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សហព័ន្ធ ជុំវិញករណីបំពានសុខុមាលភាពសត្វ ស្របពេលបុគ្គលិកប្ដឹងថា សត្វដែលយកមកតេស្តពិសោធក្នុងក្រុមហ៊ុននោះ គឺរងការឈឺចាប់រហូតដល់ងាប់។
Neuralink គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃប្រសាទមួយ ដែលកំពុងបង្កើតឡើងនៅឈីបខួរក្បាល ក្នុងក្ដីសង្ឃឹមថានឹងអាចជួយដល់មនុស្សពិការ ឱ្យអាចដើរបានឡើងវិញ រួមទាំងអាចជួយព្យាបាលបញ្ហាជំងឺពាក់ព័ន្ធប្រព័ន្ធប្រសាទផ្សេងៗបានផងដែរ។
ការដាក់ការស៊ើបអង្កេតមួយនេះកើតមានឡើង ស្របពេលមានការមិនពេញចិត្តរបស់បុគ្គលិកក្រុមហ៊ុន ជុំវិញការធ្វើតេស្តពិសោធលើសត្វ ដោយរួមមានការប្ដឹងពីសម្ពាធដែលពួកគេទទួលបានពីលោក Elon Musk ក្នុងការពន្លឿនការផលិត ដែលបង្កជាលទ្ធផលអាក្រក់បំផុតនេះ។
បើតាមប្រភពថ្លែងប្រាប់សារព័ត៌មាន Reuters បានឱ្យដឹងដែរថា ក្រុមហ៊ុនខាងលើនេះ បានសម្លាប់សត្វអស់ប្រមាណ ១៥០០ ក្បាល ដោយក្នុងនោះរួមមានទាំងសត្វចៀម ជ្រូក និង ស្វា ប្រមាណជាង ២៨០ ក្បាល ៕