ឃើញតាចាស់លក់ក្រូចតាមផ្លូវ អាណិតពេកខំជួយទិញទាំងអស់ តែស្រាប់តែទៅដល់ផ្ទះតាអ្នកលក់ភ្លាម ស្ទើរគាំងនិយាយមិនចេញ
កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ រឿងរ៉ាវមួយនាប្រទេសចិន បានធ្វើឱ្យមានការហួសចិត្ត និងអស់សំណើចមិនតិចឡើយនៅតាមបណ្តាញសង្គម ដោយមានស្រ្តីម្នាក់ ឃើញតាចាស់លក់ក្រូចនៅតាមផ្លូវ អាណិតពេក ខំជួយទៅទិញទាំងចម្ការដល់ផ្ទះ មានអីទៅដល់ភ្លាម ស្ទើរគាំង ព្រោះផ្ទះតាសុទ្ធតែវីឡា។
តាមព័ត៌មានបានឱ្យដឹងថា មានស្រ្តីចិត្តល្អម្នាក់ បានចៃដន្យដើរទៅឃើញតាចាស់ជរា វ័យប្រមាណ ៧០ ឆ្នាំ កំពុងអង្គុយលក់ផ្លែក្រូចនៅតាមផ្លូវ ហើយដោយសារតែការអាណិត ការបារម្ភសុខភាពរបស់លោកតា នាងក៏បានចូលទៅជួយទិញទាំងអស់ ដើម្បីឱ្យលោកតាបានទៅផ្ទះសម្រាកឱ្យបានលឿន។
ក្នុងនោះ ក្រោយពីបាននិយាយសួរនាំលោកតារួចមក នាងក៏ដឹងថា លោកតានៅសល់ផ្លែក្រូចទៀត ទើបនាងក៏សម្រេចចិត្តយកអាសារ ជួយទៅទិញក្រូចទាំងអស់នោះនៅផ្ទះរបស់លោកតាទៀត ព្រោះចង់ជួយឱ្យដល់ទីបំផុត។ នាងបានដើរតាមលោកតា តែគ្រាន់តែដើរមកដល់មុខផ្ទះលោកតា នាងក៏ភ្ញាក់ផ្អើលតែម្តង ព្រោះផ្ទះលោកតាមិនមែនជាផ្ទះធម្មតា តែសុទ្ធតែជាផ្ទះវីឡា បរិយាកាសស្រស់ស្អាតទៀតផង ហើយចំណែកដើមក្រូច គឺលោកតាបានដាំនៅពីក្រោយផ្ទះនោះឯង។
យ៉ាងណាមិញ ក្រោយពីដឹងបែបនេះហើយ ស្រ្តីម្នាក់នេះ ក៏មិនបានខឹងអន់ចិត្តអ្វីឡើយ គ្រាន់តែភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះ ជាពិសេសនាងក៏រឹតតែធូរទ្រូងទៅទៀត ដែលលោកតាមានកន្លែងរស់នៅសុខសប្បាយ មិនលំបាកដូចដែលនាងគិតនោះ៕