រៀបការបាន ៣៣ ថ្ងៃ ប្ដីប្តឹងសុំលែងលះប្រពន្ធចោល ហើយទារថ្លៃបណ្ណាការ ២ ម៉ឺនដុល្លារមកវិញ
ថ្មីៗនេះ រឿងរ៉ាវហួសចិត្តមួយបានផ្ទុះឡើងពេញបណ្ដាញសង្គមចិន រហូតមានការជជែកវែកញែករកខុសត្រូវពីសំណាក់មហាជន ក្រោយបុរសជនជាតិចិនម្នាក់បានប្ដឹងលែងលះភរិយាបន្ទាប់ពីរៀបការបាន ៣៣ ថ្ងៃ ហើយទារថ្លៃបណ្ណាការចំនួន ២០ ០០០ ដុល្លារមកវិញ។
រឿងរ៉ាវផ្ដើមចេញពីបុរសវ័យ ២៥ ឆ្នាំម្នាក់ឈ្មោះថា Hou រស់នៅខេត្ត Henan ប្រទេសចិន ដោយលោកបានធ្វើយុទ្ធនាការទាមទារថ្លៃបណ្ណាការមកវិញ ដោយមានការលើកស្លាកនៅមុខផ្ទះភរិយាដែលទើបរៀបការរួចបានជាង ១ ខែ។
Hou បានរៀបរាប់ឱ្យដឹងថា ៖ «លោក និង ភរិយាឈ្មោះថា Li បានស្គាល់គ្នាតាមរយៈចៅមហា ឬ មេអណ្ដើករកគូដែលជាប្រពៃណីពេញនិយមនៅឯខេត្ត Henan។ ក្រោយពីស្គាល់គ្នាអ្នកទាំងពីរហាក់ពេញចិត្តគ្នាជាខ្លាំង ដោយត្រឹមតែរយៈពេល ៣ ថ្ងៃក៏សម្រេចចិត្តភ្ជាប់ពាក្យជាគូដណ្ដឹងនឹងគ្នា»។
«លុះក្រោយមកអ្នកទាំងពីរក៏បានរៀបការជាប្ដីប្រពន្ធ ដោយ Hou បានខ្ចីប្រាក់គេចំនួន ៥១០ ០០០ យ័ន (ប្រមាណ ៧២ ០០០ ដុល្លារ) ដើម្បីរៀបចំពិធីមង្គលការនេះឡើង តែជីវិតប្ដីប្រពន្ធអ្នកទាំងពីរហាក់មិនស្ថិតស្ថេរនោះឡើយ ដោយក្រោយរៀបការបាន ៣៣ ថ្ងៃ ភរិយារបស់លោក អ្នកស្រី Li បានសម្រេចចិត្តរើអីវ៉ាន់ចុះចេញពីផ្ទះមកនៅជាមួយឪពុកម្ដាយនាងវិញ ដែលស្ថិតនៅចំងាយ ៣ គីឡូម៉ែត្រពីផ្ទះលោក ដោយមូលហេតុគឺនាងបានខឹងលោកដែលគេងលក់ ហៅទ្វារមិនបើក ហើយចាក់សោរឱ្យនាងនៅក្រៅផ្ទះ ពេលដែលត្រឡប់មកពីធ្វើការពេលយប់ជ្រៅ»។
«ក្រោយភរិយាចេញពីផ្ទះ Hou ក៏បានដាក់ពាក្យសុំលែងលះ តែត្រូវតុលាការច្រានចោលដោយ Li បាននិយាយថា អ្នកទាំងពីរមិនមានបញ្ហាអ្វីទេ គឺជាគូដែលរៀបការមានសុភមង្គល ដែលជាហេតុធ្វើឱ្យ Hou ហាក់កាន់តែខឹងហើយក៏សម្រេចចិត្តធ្វើយុទ្ធនាការលែងលះ និង ទាមទារសំណងថ្លៃបណ្ណាការមកវិញចំនួន ២០ ០០០ ដុល្លារ ដោយ Hou បានលើកឡើងថាលោកគ្រាន់តែចង់បានគ្រឿងអលង្ការមួយចំនួនដែលលោកបានទិញឱ្យនាង និង ទឹកប្រាក់សុទ្ធមួយចំនួន»។
ក្រោយមករឿងនេះបានក្លាយទៅជាប្រធានបទដ៏ក្ដៅលើបណ្ដាញសង្គម Weibo ប្រទេសចិន ដោយមានអ្នកលើកឡើងថាថ្លៃបណ្ណាការនាពេលបច្ចុប្បន្នមានការឡើងថ្លៃហួសហេតុ ហើយពេលធ្វើពិធីរៀបការម្ដងៗគេតែងសង្កេតឃើញមានការខ្ចីបំណុលច្រើនលើសលុបដើម្បីមករៀបការ ទាំងដែលរាជរដ្ឋាភិបាលចិនធ្លាប់បានចេញនូវការណែនាំ ដោយមានការកែប្រែទម្រង់ប្រពៃណីបែបនេះ ដោយលើកទឹកចិត្តឱ្យមានការសន្សំសំចៃ និង ការចែករំលែកទាំងសងខាង ក៏ហាក់មើលទៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ៕