កន្លែងលម្ហែថ្មីមួយ កំពុងល្បី មានបរិយាកាសល្អ ទេសភាពថតរូបស្អាត ជិះតែ ២ គីឡូម៉ែត្រពីអរិយក្សត្រ
ប្រិយមិត្តមួយចំនួន ប្រាកដជាមានអារម្មណ៍ថា ខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅលម្ហែកាយ រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណា ដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងាររបស់ខ្លួន។
ថ្ងៃនេះផងដែរ យើងខ្ញុំសូមលើកយកនូវទីតាំងលម្ហែបែបភោជនីយដ្ឋានមួយកន្លែង ទើបតែផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គម ដែលកន្លែងមួយនេះ មានទីតាំងនៅជាយរាជធានីភ្នំពេញឈានចូលខេត្តកណ្ដាល ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្ត នៅថ្ងៃសម្រាកណាមួយ ដែលនៅទីនោះមានឈ្មោះថា «ផ្ទះចំការ» ។
ស្ថិតនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ពីកំពង់ចម្លងអរិយក្សត្រ «ផ្ទះចំការ» ជាតំបន់លម្ហែបែបភោជនីយដ្ឋាន សាងសង់ជិតផ្ទៃទឹកធំទូលាយ ជាទីលម្ហែដ៏ស្រស់ត្រកាល បូករួមវាយោបក់ផាត់រសាត់ពីព្រឹកដល់ល្ងាច ទាក់ចិត្តប្រិយមិត្ត ឱ្យកាន់តែចង់ទៅកម្សាន្ត និង ថតរូបលេងផងដែរ។
មិនតែប៉ុណ្ណោះ នៅទីនោះ ក៏មានបម្រើនូវភេសជ្ជៈជាច្រើនប្រភេទ ព្រមទាំងមានសេវាកម្មម្ហូបអាហារបែបស្រែចំការជាច្រើន រង់ចាំទទួលប្រិយមិត្តទៅទទួលទាន ជាមួយនឹងតម្លៃសមរម្យផងដែរ៕
រូបភាព ៖ Home Chamkar