
ថៃ ចេញសេចក្ដីព្រមាន អំពីទឹកជំនន់ដល់កម្រិតទី ២ និង ដាក់តំបន់ ៣ នៅអយុធ្យា ឱ្យប្រុងប្រយ័ត្នខ្ពស់
អាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានបង្កើនការព្រមានទឹកជំនន់ដល់កម្រិតទី ២ ហើយបានដាក់តំបន់ឧស្សាហកម្មចំនួន ៣ ក្នុងខេត្តអយុធ្យា ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការហូរចេញពីទន្លេចៅប្រាយ៉ា និង ទន្លេរ៉ាម៉ាទី ៦។ លោក Veeris Ammarapala អភិបាលនៃ IEAT បាននិយាយថា ការកើនឡើងនៃការហូរចេញពីអាងស្តុកទឹក និង ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កំពុងធ្វើឱ្យតំបន់ឧស្សាហកម្ម Bang Pa-in, Ban Wa (Hi-Tech) និង Nakhon Luang ប្រឈមនឹងហានិភ័យនៃការជន់លិចជាពិសេសតំបន់ក្រោយៗទៀត អាចរងផលប៉ះពាល់ ដោយទឹកដែលបញ្ចេញពីទំនប់ Pasak Jolasid ។
លោក Veeris បាននិយាយថា៖ «តំបន់ឧស្សាហកម្មទាំងនេះ ត្រូវបានបំពាក់ប្រព័ន្ធយ៉ាងល្អ ដើម្បីការពារ និង ដោះស្រាយបញ្ហាទឹកជំនន់ ដោយសារតែកម្រិតព្រមាន ត្រូវបានលើកឡើង សម្រាប់ពួកគេ ដើម្បីបង្កើនការឃ្លាំមើល និង ត្រៀមសម្រាប់គ្រាអាសន្ន ហើយពួកគេ ត្រូវត្រួតពិនិត្យកម្រិតទឹក ឱ្យទៀងទាត់ និង ត្រូវឱ្យប្រាកដថា ម៉ាស៊ីនបូមទឹកដំណើរការបានត្រឹមត្រូវ»។ លោកក៏បានបន្តថា ពួកគេក៏បានចុះពិនិត្យជាប្រចាំនូវកម្ពស់ទឹកជំនន់ដែលសាងសង់ជុំវិញបរិវេណអគារ និង តាមការព្យាករណ៍អាកាសធាតុពីនាយកដ្ឋានឧតុនិយម (RID) ដែរ។
ចំណែក លោក Ditsapol Yimkhlib នាយកការិយាល័យអចលនទ្រព្យឧស្សាហកម្ម Nakhon Luang បាននិយាយថា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ត្រូវបានបង្កើតឡើងដើម្បីរៀបចំសម្រាប់ទឹកជំនន់ដែលអាចកើតមានជាមួយនឹងផែនការរំដោះទឹកជំនន់ផងដែរ។ ដោយឡែកលូទឹកលិចខាងក្នុងបរិវេណត្រូវបានពង្រឹង និង ធ្វើឱ្យមានជម្រៅ ៤ ម៉ែត្របន្ទាប់ពីមានទឹកជំនន់ខ្លាំងក្នុងឆ្នាំ ២០១១។ ខាងអចលនទ្រព្យក៏បានដំឡើងម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពបង្ហូរទឹកបាន ២៩,៣០០ ម៉ែត្រគូបក្នុងមួយម៉ោង។
ទន្ទឹមនឹងនោះ អ្នករស់នៅតាមមាត់ទន្លេក្នុងស្រុក Bang Ban, Sena និង Phak Hai របស់អយុធ្យាកាលពីម្សិលមិញបានប្រឈមមុខនឹងទឹកដែលហក់ឡើងជាបន្តបន្ទាប់ខណៈដែលទំនប់ Chao Phraya ក្នុងខេត្ត Chai Nat និង ទំនប់ Rama VI នៅអយុធ្យាបានបន្តបង្ហូរទឹកចេញ។
គួរបញ្ជាក់ដែរថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺនៅតាមបណ្តោយទន្លេ Pasak ក្នុងស្រុក Tha Rua និង Nakhon Laung រួមមានទាំងផ្សារចាស់ Tha Rua, វត្ត Sa Due, វត្ត Nong Hoi និង វត្ត Koh Kaew Ketsadaram។ ទំនប់ទឹក Chao Phraya នៅខេត្ត Chai Nat ដែលគ្រប់គ្រងលំហូរទឹកពីភាគខាងជើងបានរាយការណ៍ថា អត្រាបង្ហូរទឹក ២៦៩៧ ម៉ែត្រគូបក្នុងមួយវិនាទីកាលពីម្សិលមិញ ខណៈដែលទំនប់ Rama VI បានបង្ហូរតែ ៩៩៥ ម៉ែត្រគូប។ យោងតាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា គ្រួសារជាប់មាត់ទន្លេជាង ៣៣០០០ គ្រួសារក្នុងភូមិ ៧០៥ និង ក្នុងស្រុកចំនួន ១១ នៃខេត្តអយុធ្យា បានរងផលប៉ះពាល់ដោយទឹកជំនន់។ ទន្ទឹមនឹងនេះ RID កាលពីម្សិលមិញបានស្នើឱ្យអាជ្ញាធរអគ្គិសនីរដ្ឋនៃប្រទេសថៃ (Egat) ផ្អាកការបង្ហូរបន្ថែមទៀតពីទំនប់ Bhumibol នៅ Tak និង ទំនប់ Sirikit នៅ Uttaradit ៕
ប្រភព៖ Bangkok Post