
ផ្ទុះអ្នកឆ្លងកូវីដថ្មី ៦១ នាក់ ក្រុមឈុតសនៅចិន ប្រកាសបិទខ្ទប់ភ្លាមៗនៅព្រលានយន្តហោះ Xishuangbanna
ក្រុមសន្តិសុខក្នុងឯកសណ្ឋានឈុតស ត្រូវបានប្រទះឃើញយកកាំភ្លើងភ្ជង់ទៅលើក្រុមគ្រួសារអ្នកដំណើរក្នុងព្រលានយន្តហោះប្រទេសចិន ក្រោយព្រលាននេះ ត្រូវបានប្រកាសបិទខ្ទប់ ជុំវិញការផ្ទុះឆ្លងឡើងវិញនៃជំងឺកូវីដ-១៩។
តាមរយៈវីដេអូដែលបានចែកចាយ បានបង្ហាញឱ្យឃើញថា ក្រុមមន្ត្រីសន្តិសុខ ដែលប្រដាប់ដោយកាំភ្លើង និង របាំងការពារ បានធ្វើការរុញច្រានក្រុមអ្នកដំណើរឱ្យត្រឡប់ទៅក្នុងព្រលានយន្តហោះ Xishuangbanna នាខេត្ត Yunnan កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។
តាមវីដេអូដដែលបានឱ្យឃើញទៀតថា ក្រុមអ្នកដំណើរគឺខឹងសម្បារជាខ្លាំង រហូតនាំគ្នាយំ និង ស្រែកថា ៖ «អ្នកឯងចង់សម្លាប់ពួកយើងទាំងអស់គ្នាមែនទេ?»។
គួរបញ្ជាក់ឱ្យដឹងថា ការប្រកាសបិទខ្ទប់ភ្លាមៗនេះ កើតមានឡើង ក្រោយការប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦១ នាក់ក្នុងខេត្ត Yunnan នៅដើមសប្ដាហ៍នេះ ហើយការឃាំងឃាត់អ្នកដំណើរក្នុងព្រលាននេះ គឺបំណងដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលឆ្លងបន្ថែមទៀត៕