អរជំនួស! ពេលនេះមានពលរដ្ឋ ៣ នាក់ហើយ បានទទួលម៉ូតូដែលធ្លាប់បាត់កន្លងមក
ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌទួលគោក គិតត្រឹមរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋ ០៣ នាក់ហើយ ដែលបានបាត់ម៉ូតូ និង បានបំពេញឯកសារទទួលយកម៉ូតូវិញ នៅ OCIC ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រោយទទួលបាន ម្ចាស់ម៉ូតូមានតែម្រាមដៃ ១០ សម្រាប់ការដឹងគុណនេះទេ ញញឹមទាំងសប្បាយចិត្តដែលមិននឹកស្មានថាបានរបស់មកវិញ ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និង ក្រុមការងារទាំងអស់ដែលបានខិតខំលើការងារនេះ។
យ៉ាងណាមិញ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការទទួលយកម៉ូតូ រដ្ឋបាលខណ្ឌទួលគោកបានស្នើឱ្យបងប្អូនពិនិត្យមើលបញ្ជីជាមុនសិន ក្នុងករណីបងប្អូនពិនិត្យឃើញថាមានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និង ឯកសារពាក់ព័ន្ធផ្សេងៗទៀត បើមានយកមកជួបក្រុមការងារដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្តតាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕