ស្លៀកតែរ៉ូបតុក្កតាពាក់មកុដ មហាជនឃើញនាំគ្នាសើច តែដល់ដឹងការពិតអាណិតខ្លោចចិត្ត
ថ្មីៗនេះ ស្ត្រីវ័យកណ្ដាលម្នាក់នៅចិន បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ទៅលើរូបនាង ដោយសារតែនាង តែងតែស្លៀកឈុតរ៉ូបខ្យូតៗដូចក្នុងរឿងតុក្កតា អមជាមួយការពាក់មកុដ ដើរតាមដងផ្លូវនាក្រុង សៀងហៃ រហូតដល់គ្រប់គ្នាដាក់រហស្សនាមឱ្យនាងថា «Princess of Anfu Road»។
ព្រមពេលជាមួយនឹងការចាប់អារម្មណ៍លើរូបនាងនេះដែរ ស្ត្រីរូបនេះ ក៏ហាក់ទទួលបានការរិះគន់ និង លេងសើចនឹងនាង ជុំវិញការស្លៀកពាក់ចម្លែកខុសគេរបស់នាងនេះ ដោយអ្នកខ្លះបានហៅនាងថា ជាមនុស្សស្រីឆ្កួត ខណៈមួយចំនួនទៀត តិះដៀលនាងថា ស្លៀកពាក់យ៉ាប់មើលមិនសមនឹងវ័យរបស់ខ្លួន។
ដោយឡែក បើងាកមកមើលស្ត្រីនោះវិញ បើទោះបីជាមហាជនរិះគន់តិះដៀលលើរូបរាងនាងយ៉ាងណាក៏ដោយ ប៉ុន្តែរូបនាងនៅតែបង្អួតរូបរាងក្នុងឈុតរ៉ូបតុក្កតាម៉ូដថ្មីៗ ដើរតាមដងផ្លូវពោរពេញដោយភាពជឿជាក់ដដែល។
ក្នុងនោះដែរ អ្វីដែលធ្វើឱ្យមហាជននានា កែប្រែមតិនិយាយលេងសើច និង តិះដៀល មកជាអាណិតអាសូរលើរូបនាងវិញនោះ គឺនៅពេលដែលពួកគេបានដឹងពីរឿងរ៉ាវពីក្រោយការតុបតែងខ្លួនរបស់នាងបែបនេះ។
បើតាមរបាយការណ៍ពី Oddity Central បានទម្លាយឱ្យដឹងថា ស្ត្រីខាងលើនេះ គឺមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការប៉ះពាល់ដល់បញ្ហាសតិអារម្មណ៍របស់នាង។ អ្វីដែលកាន់តែអាណិតនាងជាងនេះទៀតនោះគឺថា ដំណើរការព្យាបាលជំងឺរបស់នាង បានបណ្ដាលឱ្យនាងជ្រុះសក់ និង ឡើងទម្ងន់ខុសធម្មតា។
បន្ថែមពីនេះទៀត រូបនាងក៏ចាប់ប្រែប្រួលសម្រស់ទៅជាជ្រីវជ្រួញ ដោយសារតែនាងកើតស្ត្រេស ពីបញ្ហាសុខភាពដែលនាងត្រូវប្រឈមមុខពីមួយថ្ងៃទៅមួយថ្ងៃ រហូតនាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់លែងស្គាល់។ ដោយសារតែបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរនេះហើយ បានធ្វើឱ្យនាងចាប់ផ្ដើមចាប់អារម្មណ៍ស្លៀកតែឈុតរ៉ូបតុក្កតាខ្យូតៗ ដោយសារតែនាងនឹកឃើញពីភាពរីករាយ កាលពីនាងស្លៀកពាក់វា កាលពីក្មេង។
ក្រោយពីដឹងរឿងរ៉ាវពីក្រោយការស្លៀកពាក់របស់នាងនេះមក មហាជនគ្រប់គ្នា ក៏បែរជាងាកមកលើកទឹកចិត្ត និង សរសើរនាងចំពោះភាពក្លាហានដែលនាងតែងធ្វើឡើង ឱ្យតែខ្លួនឯងសប្បាយចិត្ត៕