ត្រៀមៗ! នៅផ្លូវជាតិលេខ ៣ ក្រសួងកំពុងរៀបចំភ្ជាប់អិនធឺណែតកាមេរ៉ា ចាប់អ្នកបើកបរខុសច្បាប់ ពិន័យដល់ផ្ទះ
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី ១ និង លើកទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន។
តាមរយៈកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ បាន និង កំពុងរៀបចំភ្ជាប់ប្រព័ន្ធអិនធឺណែតភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។
ទាក់ទិនទីនឹងរឿងនេះ ឯកឧត្តមទេសរដ្ឋមន្រ្ដី បានលើកឡើងថា នៅផ្លូវជាតិលេខ ៣ បានបំពាក់កាមេរ៉ា ចាប់ល្បឿន ប៉ុន្តែមិនទាន់បានអនុវត្តន៍ពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអិនធឺណែតមានការយឺតយ៉ាវបន្តិច ហើយខាងសមត្ថកិច្ចបានកំពុងខិតខំប្រឹងប្រែង សហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីតភ្ជាប់ប្រព័ន្ធអិនធឺណែត ជាមួយកាមេរ៉ាចាប់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រទៅដល់ផ្ទះតែម្តង។
ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់បន្ថែមថា ៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ ៣១, ៣៣ និង ផ្លូវលេខ ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ ៧»៕
ប្រភព ៖ ក្រសួងព័ត៌មាន