ស្ងប់ស្ងែងណាស់! ទម្លាយប្រវត្តិតស៊ូ ព្រះអង្គ ហាក់ សៀងហៃ រហូតក្លាយជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរដ៏ឆ្នើម
មហាជនខ្មែរ ពិសេសលោកតាលោយាយ ជាពុទ្ធបរិស័ទ ច្បាស់ណាស់ស្គាល់ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលព្រះអង្គគឺជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា។
ជាមួយនឹងតួនាទីសំខាន់ៗនេះដែរ ព្រះអង្គ ហាក់ សៀងហៃ ក៏ជាព្រះសង្ឃវ័យក្មេង ប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា និង អក្សរសាស្រ្តខ្មែរថែមទៀតផង។ លើសពីនេះទៅទៀត ព្រះអង្គក៏ជាព្រះសង្ឃមួយព្រះអង្គសកម្មក្នុងការងារសង្គមជាតិ ជាមួយនឹងប្រវត្តិដ៏សែនជូរចត់ក្នុងការសិក្សាតាំងពីក្មេងផងដែរ។
ជាការពិតណាស់ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រសូតនៅឆ្នាំ ១៩៨៤ ជាកូនកសិករក្នុងគ្រួសារមួយ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ មានបងប្អូនបង្កើតចំនួនចំនួន ៣ នាក់។
ក្នុងវ័យជន្មាយុ ៣ ខួប កុមារ ហាក់ សៀងហៃ មានទុក្ខធំជាទម្ងន់ ដោយម្តាយជាទីស្រឡាញ់បានលាចាកលោកចោល ទុកឱ្យកុមារកម្សត់ ហាក់ សៀងហៃ ត្រូវបង្ខំចិត្តរស់នៅជាមួយតាយាយទាំងវ័យដែលត្រូវការភាពកក់ក្តៅ និង ថ្នាក់ថ្នមពីម្តាយ។ ក្នុងវ័យធំដឹងក្តីបន្តិច ដោយសារតែការស្រឡាញ់ចូលចិត្ត និង ជាអ្នកគោរពព្រះពុទ្ធសាសនាផង កុមារ ហាក់ សៀងហៃ បានលាចាកផ្ទះមកស្នាក់នៅវត្ត និង បួសជាសាមណេរ ដើរសិក្សាតស៊ូរៀនសូត្ររហូតដល់ខេត្តបាត់ដំបង។
ក្នុងពេលនៃការសិក្សា ព្រះភិក្ខុ ហាក់ សៀងហៃ ជាសមណសិស្សឆ្លាតវៃ ឆាប់ចេះ និង ជាសិស្សពូកែនៅក្នុងថ្នាក់។ មិនយូប៉ុន្មានលោកបានបញ្ចប់ការសិក្សានៅស្រុកខ្មែរ រួចបន្តការសិក្សានៅប្រទសស្រីលង្កា និង ប្រទេសភូមិមា ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅទីនោះផងដែរ។ ក្រោយវិលត្រឡប់ និង បញ្ចប់ការសិក្សាពីប្រទសស្រីលង្កា និង ប្រទេសភូមិមា ព្រះភិក្ខុ ហាក់ សៀងហៃ បានដើរតួរនាទីយ៉ាងសកម្មក្នុងការបម្រើការងារព្រះពុទ្ធសាសនា និង សង្គម។
កន្លងមក គេឃើញព្រះសង្ឃអង្គនេះ បានចូលរួមកម្មវិធីអន្តរជាតិធំៗ ស្តីពីព្រះពុទ្ធសាសនា និង បានបង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និង ភាសាអង់គ្លេសជាធម៌តាមបណ្តាញសង្គមហ្វេសប៊ុក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។ បច្ចុប្បន្ន ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ គឺជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាផងដែរ៕