ដល់-ក! ពងមាន់នៅចិនហក់ឡើងថ្លៃខ្ពស់ស្រឺតៗ ខណៈអាកាសធាតុក្ដៅខ្លាំងពេក
អាកាសធាតុក្ដៅខ្លាំងនៅភាគខាងកើតប្រទេសចិន ធ្វើឱ្យមេមាន់ក្រាបពងបានតិច បណ្ដាលឱ្យតម្លៃពងមាន់លើទីផ្សារហក់ឡើងខ្ពស់ដល់ ៣០ ភាគរយ នៅបណ្ដាទីក្រុងជាច្រើន។
ទីក្រុងធំៗជាច្រើនក្នុងប្រទេសចិន បានកត់ត្រាអាកាសធាតុក្ដៅបំផុតក្នុងរដូវក្ដៅនេះ ដោយខាងស្ថានីយឧតុនិយមជាតិនាថ្ងៃទី ១៥ ខែសីហា បានដាក់ការប្រកាសអាសន្នកម្រិតក្រហម ដោយសារតែសីតុណ្ហភាពហក់ឡើងក្ដៅខ្លាំងពេក។
រលកកម្ដៅដ៏ក្ដៅខ្លាំងនេះ មិនមែនត្រឹមប៉ះពាល់ដល់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប៉ះពាល់ដល់សត្វដូចគ្នា។ ជាក់ស្ដែងនៅទីក្រុង Hefei ខេត្ត Anhui កសិករជាច្រើន បានឱ្យដឹងថា ភោគផលពងមាន់គឺបានថយចុះខុសខ្លាំង ដោយសារតែអាកាសធាតុក្ដៅខុសធម្មតានេះ រហូតកសិដ្ឋានខ្លះ ត្រូវតំឡើងប្រព័ន្ធកាត់បន្ថយកម្ដៅ សម្រាប់សត្វមាន់ថែមទៀតផង។
ចំនួនផលពងមាន់ថយចុះនេះហើយ បានបណ្ដាលឱ្យតម្លៃពងមាន់ ហក់ឡើងខ្ពស់។ ក្នុងនោះ ទីក្រុង Hefei ពងមាន់បានឡើងថ្លៃប្រមាណ ៣០ ភាគរយ ខណៈទីក្រុងផ្សេងទៀតដូចជាក្រុង Hangzhou ខេត្ត Zhejiang និង ក្រុង Hai An ខេត្ត Jiangsu ក៏ហក់ឡើងថ្លៃប្រហាក់ប្រហែលគ្នាដែរ។
គួរឱ្យដឹងថា អ្នកវិទ្យាសាស្ត្របង្ហាញក្ដីបារម្ភ ខណៈអាកាសធាតុក្ដៅខុសពីធម្មតា កាន់តែកើតមានឡើងតាមបណ្ដាប្រទេសនានា ដោយសារតែលទ្ធផលពីបម្រែបម្រូលអាកាសធាតុ។ ការរងផលប៉ះពាល់ពីអាកាសធាតុក្ដៅហែងនេះ បានបង្កជាការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និង សង្គមជាច្រើនពាសពេញពិភពលោក៕