អ៊ឹះ! សាច់សុនខជាង ១ តោន ដឹកពីបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់បានដុតកម្ទេចចោល
នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ មន្ត្រីជំនាញ និង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តសៀមរាប បានធ្វើការបង្ក្រាប និង ដុតកម្ទេចចោលនូវសុនខកាប់រួចជាង ១ តោន ដែលឈ្មួញដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើ មន្ត្រីជំនាញបានឃាត់បានរថយន្តកូរ៉េដឹកទំនិញ ០១ គ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខកំពត 2A-1924 បើកបរដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ បុរសរូបនេះរកឃើញពាក់ព័ន្ធទៅនឹងបទល្មើសដឹកសត្វសុនខដែលបង្កក (ក្លាសេ) និង ពិឃាតរួច ចំនួន ១៣៤ ក្បាល ៣ ធុងធំ និង ១ ធុងតូច ចំនួន ទម្ងន់ប្រមាណ ១៣០០ គីឡូក្រាម។
ទន្ទឹមនោះ បើតាមការបញ្ជាក់ពី បុគ្គលឈ្មោះ ណាន ឆាត បានបញ្ជាក់ឱ្យដឹងថា សត្វសុនខទាំងអស់ដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈក្រោយពេលបង្ក្រាបបាន មន្ត្រីជំនាញ បានអនុវត្តដោយការដុតកម្ទេច និង កប់ចោលតាមវិធានការបសុពេទ្យ ឯរថយន្តដឹកសត្វត្រូវមន្ត្រីជំនាញយកទៅរក្សាទុកនៅមន្ទីរកសិកម្ម និង អនុញ្ញាតិម្ចាស់ត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕
ប្រភព ៖ Fresh News