ជីវិតអ្នកក្រនៅកេនយ៉ា អត់លុយទិញអុសធ្យូង សុខចិត្តដើររើសថង់សំរាមប្លាស្ទិកមកបង្កាត់ភ្លើងធ្វើម្ហូប
ថង់ប្លាស្ទិក គឺជាកាកសំណល់មួយប្រភេទដែលឧស្សាហ៍ឃើញបំផុតតាមកន្លែងចាក់សំរាមនានាពាសពេញពិភពលោក។ កាកសំណល់ប្លាស្ទិកដ៏គ្រោះថ្នាក់ទាំងនេះ គឺគួរណាស់តែត្រូវបានកម្ចាត់ចោលក្នុងរោងចក្រប្រកបដោយសុវត្ថិភាព ព្រោះថាការដុតបំផ្លាញតាមផ្ទះ ឬ ទីវាលទូទៅ នឹងធ្វើឱ្យមានការបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ទៅលើបរិយាកាស។
ទោះជាយ៉ាងណា ក្នុងប្រទេសកេនយ៉ា ស្ថានភាពជីវិតរស់នៅ គឺមានភាពលំបាកខ្លាំងបំផុតសម្រាប់ពលរដ្ឋក្រីក្រ ដែលពួកគេគ្មានថវិកាក្នុងការទិញអុស ឬ ធ្យូង ដើម្បីចម្អិនអាហារនោះឡើយ ដោយពួកគេត្រូវបង្ខំចិត្តដើរតាមកន្លែងចាក់សំរាមនានា ដើម្បីរើសប្រមូលថង់ប្លាស្ទិក យកមកដុតចម្អិនម្ហូបអាហាររបស់ខ្លួន។
Korogocho គឺជាតំបន់ក្រីក្រដ៏ធំមួយក្នុងប្រទេសកេនយ៉ា ដែលមានទីតាំងក្បែរគ្នានឹងក្រុង Nairobi។ តំបន់មួយនេះ មានពលរដ្ឋរស់នៅប្រមាណ ១៥០ ០០០ នាក់។ បើតាមសម្ដីពលរដ្ឋម្នាក់ ដែលរស់នៅក្នុងតំបន់ Korogocho នេះបាននិយាយថា ៖ «ជីវិតរស់នៅគឺលំបាកណាស់ ខ្ញុំគ្មានលុយគ្រប់គ្រាន់សូម្បីតែទិញធ្យូងប្រើប្រាស់ ដូច្នេះខ្ញុំទៅរើសថង់ប្លាស្ទិកពីគំនរសំរាម យកមកដុតចម្អិនម្ហូបឱ្យកូនៗរបស់ខ្ញុំ។ ខ្ញុំក៏មានការបារម្ភពីសុខភាពរបស់ខ្ញុំផងដែរ ព្រោះដើមទ្រូងខ្ញុំឈឺជាញឹកញាប់។ ផ្ទះខ្ញុំគ្មានបង្អួច អ៊ីចឹងហើយផ្សែងឆេះពីថង់ប្លាស្ទិក គឺសាយភាយពាសពេញផ្ទះ»។
គួរឱ្យដឹងថា សម្រាប់គ្រួសារភាគច្រើននៅតំបន់ Korogocho អ្វីដែលសំខាន់គឺការមានស៊ី ឬ អត់ស៊ី ជាជាងការខ្វាយខ្វល់ពីសុខភាព។ តាមសម្ដីពលរដ្ឋម្នាក់ទៀតបានលើកឡើងដែរថា ៖«ចាប់តាំងពីការកើតមានជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន បូករួមទាំងវិបត្តិកូវីដ-១៩ មក តម្លៃទំនិញជាច្រើនគឺបានកើនឡើង ក្នុងនោះរួមមានទាំងអាហារ និង ហ្គាស ផងដែរ។ អ៊ីចឹងហើយ ពួកយើងត្រូវបង្ខំចិត្តប្រើប្រាស់ថង់ប្លាស្ទិក ប្រសិនបើយើងត្រូវចូលពេទ្យជាញឹកញាប់ ដោយសារតែផលប៉ះពាល់ពីផ្សែងថង់ប្លាស្ទិកក៏ដោយ»៕