កម្មមានពិត! កូនប្រុសចិត្តបាប បង្អត់បាយម្ដាយអាយុ ៨២ ឆ្នាំដើម្បីបានទ្រព្យ ចុងក្រោយស្ល-ា.-ប់មុនម្ដាយ
ពិតជារឿងគួរឱ្យអាសូរណាស់លោកយាយជរាវ័យ ៨២ ឆ្នាំ មានជំងឺ និង ពិការភាពដេកជាប់លើគ្រែម្នាក់រស់នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃត្រូវកូនប្រុសចិត្តអប្រិយវ័យ ៥៧ ឆ្នាំ បង្អត់បាយឱ្យត្រឹមតែទឹកផឹក ក្នុងគោលបំណងសម្លាប់ដើម្បីបានទ្រព្យសម្បត្តិយកទៅលក់ តែចុងក្រោយកម្មមានពិត ធ្វើឱ្យកូនប្រុសរូបនោះបានស្លាប់ចោលមុនម្ដាយ បន្សល់សាកសពធំក្លិនស្អុយនៅលើគ្រែ។
តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃ បានឱ្យដឹងថាលោកយាយចំណាស់ម្នាក់ រស់នៅតែពីរនាក់ម្ដាយកូនក្នុងផ្ទះដ៏កម្សត់មួយ ត្រូវបានកូនប្រុសប៉ុនប៉ងសម្លាប់ដោយការបង្អត់ចំណីអាហារជាច្រើនថ្ងៃ តែហាក់មិនសមបំណង តែបែរជាខ្លួនឯងត្រូវស្លាប់ចោលម្ដាយទៅវិញ។
បើយោងតាមបទសម្ភាសរវាងសារព័ត៌មានមួយ ជាមួយនឹងលោកយាយវ័យ ៨២ ឆ្នាំផ្ទាល់ បានឱ្យដឹងថា លោកយាយបានអត់បាយច្រើនថ្ងៃហើយ ដោយលោកយាយរស់ទាំងវេទនា និង បានត្រឹមផឹកទឹក បំបាត់ការអត់ឃ្លានប៉ុណ្ណោះ។
លោកយាយរៀបរាប់បន្តទាំងសំឡេងខ្សោយៗទៀតថា មុនពេលកូនប្រុសចិត្តអប្រិយស្លាប់លាចាកលោក កូនប្រុសវ័យ ៥៧ នោះ តែងតែប្រើហិង្សាទៅកាន់លោកយាយ ជាពិសេសរូបគេតែងយកប័ណ្ឌចាស់ជរា ប័ណ្ឌក្រីក្ររបស់លោកយាយ យកទៅបើកលុយដើម្បីទិញស្រាផឹក។ មិនតែប៉ុណ្ណោះ នៅពេលដែលលោកយាយ ឃ្លានបាយ កូនប្រុសលោកយាយមិនឱ្យលោកយាយពិសាឡើយ ដោយឱ្យត្រឹមតែទឹកផឹកប៉ុណ្ណោះ។
ដោយឡែក បើយោងទៅតាមសម្ដីអ្នកជិតខាងអាយុ ៥៩ ម្នាក់ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ជារឿយៗ រូបគាត់តែងឮសំឡេងវាយតប់ ពីសំណាក់កូនប្រុសទៅកាន់លោកយាយ តែដល់ពេលទៅសាកសួរលោកយាយ គឺលោកយាយបែរជានិយាយថា មិនមានរឿងអ្វីទៅវិញ។ នេះក៏ដោយសារតែទឹកចិត្តជាម្ដាយចំពោះកូន។
គួរបញ្ជាក់ផងដែរថា ហេតុដែលនាំឱ្យសមត្ថកិច្ចដឹងរឿងនេះ ក៏ព្រោះតែអ្នកជិតខាងបានរាយការណ៍ទៅកាន់អាជ្ញាធរ ដោយសារតែធំក្លិនស្អុយ លុះទៅមើលទើបដឹងថា បុរសជាកូនប្រុសនោះ បានដេកស្លាប់ បាត់បង់ជីវិតទៅហើយ។ រីឯលោកយាយ អាចនឹងមានការមើលថែទំនុកបម្រុងពីក្រុមអាជ្ញាធរនៅតំបន់នោះផងដែរ៕