អាជីពថ្មីរកលុយបានច្រើន គឺលួងស្រីៗកំណាន់ឱ្យឈប់ទាក់ទងប្តីគេ កំពុងផ្ទុះល្បីខ្លាំងនៅចិន
ការក្បត់ចិត្ត លួចមានថ្មី ឬ ទំនាក់ទំនងលួចលាក់ក្រៅពីប្តីប្រពន្ធ កំពុងតែធ្វើឱ្យកើតមានអាជីពថ្មីប្លែកៗ ដែលជាអាជីពអ្នកស៊ើបមួយប្រភេទជួយប្រពន្ធដើម ទម្លាយការខិលខូចក្បត់ចិត្តរបស់ស្វាមី ក៏ដូចជាជួយសងសឹកប្រពន្ធចុង ហើយក៏មានអាជីពមួយទៀត ជាអ្នកជួយលួងប្រពន្ធចុងកុំឱ្យរវល់ជាមួយប្តីគេទៀតផង។
យ៉ាងណាមិញ អាជីពទាំងពីរប្រភេទនេះ កំពុងតែផ្ទុះល្បីយ៉ាងខ្លាំងនៅប្រទេសចិន ហើយក្នុងនោះខាងសារព័ត៌មានក៏បានចុះទៅសម្ភាសអ្នកធ្វើអាជីពនេះដោយផ្ទាល់ផងដែរ។
Wang Zhenxi ជាអ្នកជួយលួងស្រីៗកំណាន់មួយរូប ដែលមានថ្វីមាត់ក្នុងការបញ្ចុះបញ្ចូលស្រីៗកំណាន់ឱ្យឈប់ទាក់ទងជាមួយនឹងបុរសដែលរៀបការហើយនាប្រទេសចិន បានឱ្យដឹងថា នាងជោគជ័យខ្លាំងណាស់ក្នុងអាជីពនេះ ដោយបានលួងស្រីៗមកជាង ៨០០ នាក់ទៅហើយ នៅក្នុងឆ្នាំ ២០២២ នេះ។
Wang Zhenxi បានឱ្យដឹងថា ក្នុងមួយឆ្នាំនាងបានប្រើប្រាស់ជីវិតជាមួយការងារនេះ នៅតាមផ្លូវសឹងតែរាល់ថ្ងៃទៅហើយ ហើយក៏បានជួបជនទីបីជាច្រើនប្រភេទមកដែរ នាងក៏បានជួយពួកគេក្នុងការដើរចេញពីភាពខុសសីលធម៌ ដោយជួយកែបញ្ហាផ្សេងៗ ហើយក្នុងនោះនាងក៏ថែមទាំងមានក្រុមការងារសម្រាប់ជួយដោះស្រាយបញ្ហាណាដែលធ្ងន់ៗទៀតផង។
លើសពីនេះទៅទៀត តាមពិតទៅនាងបានចាប់អាជីពនេះ ដោយសារតែបានជួបរឿងរ៉ាវ និង បទពិសោធផ្ទាល់ខ្លួន ទាក់ទងនឹងការផិតក្បត់នេះឯង។ ក្នុងនោះ ឪពុកនាងបានក្បត់ចិត្តម្តាយនាង ហើយពេលនាងធំឡើងមានគ្រួសារ នាងក៏ត្រូវប្តីក្បត់ចិត្តទៀត តែនាងក៏មិនបានទៅរករឿងស្រីរបស់ប្តីឡើយ នាងប្រើសម្តីបញ្ចុះបញ្ចូលឱ្យគេឈប់រវល់ជាមួយប្តីនាងវិញ ហើយក៏បានសម្រេច ក្រោយមកនាងក៏លែងលះគ្នាជាមួយប្តីជើងល្អ ទើបចុងក្រោយ នាងក៏យកបទពិសោធទាំងនេះមកចាត់ការជាមួយនឹងស្រីកំណាន់ជាច្រើនទៀត។
យ៉ាងណាមិញ ជាពិសេស Wang Zhenxi ក៏ថែមទាំងធ្លាប់ប្រពន្ធដើមពេញចិត្តខ្លាំងរហូតឱ្យលុយធីបនាងទៅដល់ ជាង ៤៤ ០០០ ដុល្លារ ហើលនាងក៏ថែមទាំងទទួលការសរសើរពាសពេញទៀតផង៕