ឱកាសបញ្ចេញថ្វីដៃ! អភិបាលខេត្តព្រះសីហនុ បើកការប្រឡងប្រណាំងរចនាប្លង់ក្លោងទ្វារបុណ្យសមុទ្រ លើកទី ៩
រដ្ឋបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រណាំង លើការរចនាប្លង់ក្លោងទ្វារច្រកចេញ-ចូលពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ នៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ប្រារព្ធនៅទីលានតេជោ (ពយតាមូង) ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះ រដ្ឋបាលខេត្តបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញ-ចូល ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចំនួន ២ ទីតាំង ដើម្បីឱ្យមានការចូលរួមពីមហាជន ដែលមានគំនិតច្នៃប្រឌិត និង ទេពកោសល្យក្នុងការរចនាប្លង់ក្លោងទ្វារ។
ទន្ទឹមនោះ លក្ខខណ្ឌនៃការប្រឡងប្រណាំងស្នាដៃនេះ បេក្ខជន បេក្ខនារី ឬ ក្រុមការងារ ត្រូវអនុវត្តដូចខាងក្រោម ៖
១. រចនាបទប្លង់ក្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំក្លោងទ្វារទទឹង ១៦ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ និង រំលេចដោយគំនិតឆ្នៃប្រឌិត ឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវចម្រុះ និង ការអភិវឌ្ឍខេត្តព្រះសីហនុ លម្អដោយ ភ្លើងរចនាតាមលក្ខណៈទំនើប និង សាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូក្លោងទ្វារនេះ។
២. ក្រោយបេក្ខជន បេក្ខនារី ឬ ក្រុមការងារ រចនាប្លង់ក្លោងទ្វារច្រកចេញ-ចូលរួចរាល់ សូមយកស្នាដៃគំរូរចនាប្លង់ក្លោងទ្វារ មកដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរក្ស លេខទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣០ នាទីរសៀល។
៣. បេក្ខជន បេក្ខនារី ឬ ក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត និង លិខិតបញ្ជាក់អំពីស្នាដៃ ដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោមនេះ ៖