ព្រឹកនេះ ឧកញ៉ា ម៉ុង ឫទ្ធី និង លោកជំទាវ ប្រហុក ដឹកកូនឈើ ២ ពាន់ដើម ដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នេះ រូបលោក និង លោកជំទាវប្រហុក ដឹកនាំក្រុមអ្នកបច្ចេកទេសបុគ្គលិកកម្មករ ផ្នែកកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅចូលរួមចំណែកដាំដើមឈើឡើងវិញ នៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
លោកបានបញ្ជាក់ទៀតថា នៅព្រឹក ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នេះ លោកនឹងដឹកជញ្ជូនកូនឈើបេងចំនួន ១០០០ ដើម កូនឈើធ្នង់ចំនួន ១០០០ ដើមសរុប ២០០០ ដើម និង អាចដឹកជញ្ជូនបន្តបន្ទាប់ថែមទៀត។
បន្ថែមលើសពីនេះ លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា បើតាមការឱ្យដឹងក្រៅផ្លូវការ ផ្ទៃដីដែលឈូសឆាយអស់ មានចំនួនប្រមាណជា ៥០០ ហិកតា បើយើងដាំ 7m x 7m =204 ដើម សរុបកូនឈើដែលមានតម្រូវការទាំងអស់ ប្រមាណជា ១០២ ០០០ ដើម៕