ក្តៅៗ! សម្តេច ហ៊ុន សែន ចេញបញ្ជា ៣ ចំណុច ជុំវិញរឿងដីព្រៃនៅតំបន់ភ្នំតាម៉ៅ
កាលថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះ រដ្ឋបាលព្រៃឈើ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយមានសាធារណជនជាច្រើនបានមានចម្ងល់អំពីស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។
ចំពោះរឿងនេះ រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និង ឈើធម្មជាតិ ដែលតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ ទើបរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង កៀកតំបន់ទេសចរណ៍ទន្លេបាទី។
ខាងរដ្ឋបាល បានបញ្ជាក់បន្តទៀតថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅ ឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និង ការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និង សម្ភារនានា។
យ៉ាងណាមិញ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ នៅលើគេហទំព័រផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារជូនដំណឹងដល់សាធារណជនថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និង អភិវឌ្ឍ។
២. រក្សាទុកដី និង ព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និង អភិរក្សដោយក្រសួងកសិកម្ម។
៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និង ត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា»៕