លោកតាម្នាក់ ប្ដេជ្ញាមិនងូតទឹកជាង ២២ ឆ្នាំ ដោយសារតែចង់ឱ្យសង្គមមានសន្តិភាព
ថ្មីៗនេះ មានតាចាស់ជនជាតិឥណ្ឌាវ័យ ៦២ ឆ្នាំម្នាក់ទម្លាយថា ខ្លួនមិនបានងូតទឹកមកជាង ២២ ឆ្នាំមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ស្អប់ខ្ពើមមើលងាយរូបគាត់ឡើយ មានការគោរពសរសើរពេញបណ្តាញសង្គមទៅវិញ ព្រោះតែមូលហេតុរបស់គាត់ស្តាប់ហើយ គឺរំជួលចិត្តខ្លាំងណាស់។
បើតាមព័ត៌មានបានឱ្យដឹងថា តាចាស់រូបនេះមានឈ្មោះថា Dharamthep Ram ជាអ្នកស្រុករដ្ឋ Bihar ប្រទេសឥណ្ឌា។ ក្នុងនោះ លោកបានប្តេជ្ញាថាមិនងូតទឹកសម្អាតកាយមកជាង ២២ ឆ្នាំហើយ ដោយសារតែចង់ឱ្យសង្គមមានសន្តិភាពជាងមុន ដូចជាចង់ឱ្យអំពើហិង្សាលើស្រ្តី ការដណ្តើមដីធ្លី ក៏ដូចជាការសម្លាប់សត្វត្រូវបានកាត់បន្ថយ។
យ៉ាងណាមិញ លោកបានឱ្យដឹងតាមរយៈការសម្ភាសមួយថា កាលពីឆ្នាំ ១៩៧៥ លោកនៅធ្វើការ ប្រើប្រាស់ជីវិតទូទៅ និង ងូតទឹកជាធម្មតា ប៉ុន្តែនៅឆ្នាំ ១៩៨៧ លោកក៏ចាប់ផ្តើមមើលឃើញអំពីបញ្ហាការដណ្តើមរំលោភបំពានដីធ្លី ការសម្លាប់សត្វ និង ការប្រើប្រាស់អំពើហិង្សាលើស្ត្រី។ បន្ទាប់មកលោកក៏បានសម្រេចបោះបង់ជីវិតធម្មតារបស់ខ្លួន រួចដើរតាមផ្លូវសាសនា បួងសួងឧទ្ទិសដល់ព្រះវិស្ណុ។
ចំណែកនៅឆ្នាំ ២០០០ លោកក៏បានបេ្តជ្ញាជាមួយខ្លួនឯងថា នឹងមិនងូតទឹកឡើយ រហូតដល់បញ្ហានានារលាយផុតពីសង្គមរបស់ឥណ្ឌា ហើយលោកក៏បានឈប់ធ្វើការ តែចុងក្រោយក៏ត្រូវត្រឡប់ទៅធ្វើវិញ ព្រោះតែគ្រួសារមិនយល់ព្រម។ យ៉ាងណាមិញ ក្រោយពីនោះមិនបានប៉ុន្មាន លោកក៏ត្រូវបានថៅកែដេញចេញមិនឱ្យធ្វើការទៀត ព្រោះតែគេដឹងថាលោកមានការតាំងចិត្តចម្លែកបែបនេះ ហើយលោកក៏ក្លាយជាមនុស្សគ្មានការងារធ្វើតាំងពីពេលនោះមក។
យ៉ាងណាមិញ ភរិយារបស់តាចាស់រូបនេះ ក៏បានឱ្យដឹងដែរថា ស្វាមីរបស់ខ្លួនមិនដែលខុសសម្តីម្តងណាឡើយ គឺលោកពិតជាមិនដែលងូតទឹកពិតមែន ក្នុងរយៈពេល ២២ ឆ្នាំមកនេះ ហើយលោកក៏ពេញចិត្តនឹងស្លាប់ទៅជាមួយនឹងការប្តេជ្ញានេះដែរ៕