លែងថាំចិត្តទៀតហើយ! បណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាទសមុទ្រ នឹងតចេញពីហុងកុង ចូលខេត្តព្រះសីហនុឆាប់ៗ
តាមរយៈក្រសួងព័ត៌មាននៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងប្រៃសណីយ៍ គ្រោងតបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកខេត្តព្រះសីហនុ ប្រវែងជាង ២ ពាន់គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និង អាចបញ្ចប់នៅក្នុងឆ្នាំ ២០២៤។
ទាក់ទិនទៅនឹងរឿងនេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ឱ្យដឹងថា ក្រោយបញ្ចប់ការតភ្ជាប់បណ្តាញនេះ នៅឆ្នាំ ២០២៤ សមត្ថភាព internet នៅកម្ពុជា នឹងកាន់តែទូលំទូលាយជាងមុន ដែលលែងព្រួយបារម្ភពី internet ខ្សោយ ព្រមទាំងទទួលបាននូវសេវា internet ដែលមានតម្លៃទាបជាងបច្ចុប្បន្ននេះ។
ឯកឧត្តមពោលដូច្នេះថា ៖ «យើងមានបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ប្រហែល ៦៤០ គីឡូម៉ែត្រ ហើយយើងកំពុងតែគិតគូរតពីហុងកុង ប្រវែង ២,៧០០ គីឡូម៉ែត្រ។ គម្រោងរបស់យើងខែតុលា យើងនឹងចាប់ ផ្ដើមគម្រោងនេះ ហើយសង្ឃឹមថា ឆ្នាំ ២០២៤ នឹងបញ្ចប់ មកដល់ស្រុកខ្មែរ»។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន កម្ពុជា មានអ្នកប្រើប្រាស់សេវា internet ចល័តប្រហែលជាង ១៧ លានស៊ីម និង សេវាអ៊ីនធឺណិតអចល័តជាង ៣១ ម៉ឺន ប្រតិបត្តិករ ផ្តល់សេវា internet ចំនួន ៣៨ ប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកលើគោក និង ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រចំនួន ៥ បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ និង បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០ គីឡូម៉ែត្រ៕
ប្រភព ៖ ក្រសួងព័ត៌មាន