ទម្លាយរឿងពិតដ៏ភ្ញាក់ផ្អើល នៅពីក្រោយកោះមួយនៅជប៉ុន ដែលជាប់ឈ្មោះជា «កោះអមតៈ»
ជាការពិតណាស់ មនុស្សណាក៏ដោយតែងតែប្រាថ្នាចង់បានអាយុវែង រស់នៅជួបជុំក្រុមគ្រួសារបានយូរ តែអ្វីដែលរំពឹងចង់បាននេះ គឺហាក់កើតមានពិតមែននៅលើកោះមួយនៅជប៉ុនដែលមានឈ្មោះថា Okinawa ដែលពលរដ្ឋរស់នៅលើកោះមួយនោះ គឺសុទ្ធសឹងតែមានអាយុវែង និង កម្រកើតមានរោគព្យាធិណាស់។
អាយុកាលជាមធ្យមសម្រាប់មនុស្សប្រុសនៅលើកោះ Okinawa នេះ គឺអាយុ ៨៤ ឆ្នាំ ខណៈ មនុស្សស្រីវិញ គឺអាយុដល់ ៩០ ឆ្នាំឯណោះ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពប្រចាំប្រទេសជប៉ុន។
ជាងនេះទៅទៀត នៅលើកោះនោះ មនុស្សដែលរស់រានរហូតដល់អាយុ ១០០ ឆ្នាំ បើប្រៀបធៀបនឹងកន្លែងផ្សេងទៀតលើពិភពលោកនេះ គឺមានចំនួនច្រើនជាងរហូតដល់ ៤ ដងឯណោះ ដែលធ្វើឱ្យកោះមួយនេះ ជាប់លើផែនទី «Blue Zones»។
«Blue Zones» ដែលក្នុងនោះរួមមានកោះ Okinawa, កោះ Sardinia, ប្រទេសអ៊ីតាលី, កោះ Ikaria, ប្រទេស ក្រិក, Loma linda, California និង ឧបទ្វីប Nicoya ប្រទេស Costa Rica ដែលដែនដីទាំងនេះ គឺជាកន្លែងលើពិភពលោក ដែលត្រូវបានអ្នកស្រាវជ្រាវនៅ Nationa; Geographicពិនិត្យវាយតម្លៃឃើញថា ជាទីកន្លែងដែលមានមនុស្សរស់នៅបានយូរជាងអាយុមនុស្សជាមធ្យមទូទៅ។
ពលរដ្ឋនៅលើកោះ Okinawa គឺ ៨០ ភាគរយកម្រនឹងកើតមានជំងឺដាច់សរសៃឈាមបេះដូង មហារីកដើមទ្រូង ឬ មហារីកក្រពេញប្រូស្ដាត ហើយថែមទាំងមានអត្រាទាបបំផុតលើពិភពលោក ដែលអាចនឹងស្លាប់ ដោយសារជំងឺធំៗសាហាវៗចំនួន ៣ រួមមាន ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និង មហារីក បើប្រៀបធៀបនឹងបណ្ដាប្រទេសផ្សេងទៀតលើសកលលោក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ជំងឺមនុស្សចាស់ ដូចជាជំងឺវង្វេងជាដើម គឺកម្រនឹងកើតមានលើពលរដ្ឋនៅកោះនោះដូចគ្នា បើទោះបីជាកោះនោះ មានអត្រាមនុស្សចាស់ច្រើនខ្លាំងយ៉ាងណាក៏ដោយ។
ចំពោះការរស់រានបានយូរ និងកម្រចេះឈឺថ្កាត់នៃពលរដ្ឋលើកោះមួយនេះ ខាងក្រុមអ្នកស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗគ្នា ដោយមួយចំនួនលើកឡើងថា ដោយសារតែបរិយាកាសរស់នៅលើកោះមួយនោះមានផាសុខភាពល្អ ខណៈមួយចំនួនទៀតលើកឡើងដែរថា ដោយសារតែរបបអាហារ និង របៀបរស់នៅរបស់ពលរដ្ឋទីនោះ៕