(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគ្រូ សុទ្ធ សុម៉ាលី គ្រូរបាំព្រះរាជទ្រព្យជើងចាស់ បង្ហាញបច្ចេកទេសរាំដល់សិស្សគុនយ៉ាងប៉ិនប្រសប់
ប្រិយមិត្តប្រាកដជាបានស្គាល់នូវលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ហៅ អ្នកគ្រូម៉ុម ដោយលោកជំទាវគឺជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងជាគ្រូបង្ហាត់បង្រៀនរបាំព្រះរាជទ្រព្យដ៏ឆ្នើមផងដែរ។
លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាតួអង្គនាង ដែលមានក្បាច់រាំទន់ភ្លន់ តែរឹងមាំ និង មានជំនាញមួយរូប ពូកែប៉ិនប្រសប់ខាងបញ្ចេញកាយវិការយ៉ាងរស់រវើក និង គួរឱ្យលើកសរសើរពីទេពកោសល្យដ៏ល្អឥតខ្ចោះនេះ។
មិនត្រឹមតែជាតួនាងដ៏ប៉ិនប្រសប់នោះទេ លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ដែលមាននាមក្នុងវង់របាំ អ្នកម៉ុម ក៏មានចំណេះចំនាញច្រើនទៀត មិនថាតួនាង តួនាយរោង តួយក្ស តួងោះ នោះទេ គឺលោកជំទាវអាចក្រាយក្បាច់រាំយ៉ាងពិសេស និង ស្អាតផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកផេក «វប្បធម៌ខ្មែរ Khmer culture» បានបង្ហោះវីដេអូមួយរបស់លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ហៅអ្នកគ្រូម៉ុម ខណៈអ្នកគ្រូកំពុងបង្ហាត់បង្ហាញក្បាច់រាំដល់សិស្សគុន។
តាមរយៈវីដេអូខ្លីបង្ហាញពីសកម្មភាពលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី បានរាំបង្ហាញក្បាច់ ដែលមានរយៈពេលប្រមាណ ៤៣ វិនាទី នេះដែរ គេកត់សម្គាល់ឃើញមានគាំទ្រយ៉ាងខ្លាំង និង ក្នុងនោះមហាជនបានលើកសរសើរអ្នកគ្រូមិនដាច់ពីមាត់ថាមានភាពប៉ិនប្រសប់ និង មានក្បាច់រាំល្អឥតខ្ចោះ រហូតអ្នកគ្រូត្រូវបានគេពោលឡើងថា ខ្ញីកាន់តែចាស់កាន់តែហឹរ៕
រូបភាពពី ៖ វេស្សន្តជាតក, វប្បធម៌ខ្មែរ Khmer culture