បុរសវ័យ ២៧ ឆ្នាំម្នាក់ ត្អួញរកការងារធ្វើមិនបាន ព្រោះតែមុខដូចក្មេងអាយុ ១២ ឆ្នាំ
បុរសវ័យ ២៧ ឆ្នាំម្នាក់ បានថ្លែងពីទុក្ខលំបាករបស់ខ្លួនក្នុងការស្វែងរកការងារធ្វើ ដោយសារតែរូបរាង និង មុខមាត់របស់លោកដូចនឹងក្មេងវ័យត្រឹម ១២ ឆ្នាំ។
លោក Mao Sheng មកពីខេត្ត Guangdong ប្រទេសចិន បានជួបប្រទះការលំបាកក្នុងការស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់ឪពុកកំពុងមានជំងឺ ដោយសារតែរូបរាង និង មុខមាត់ដូចកូនក្មេងរបស់លោក ធ្វើឱ្យគេបដិសេធមិនទទួលឱ្យធ្វើការ។
តាមសម្ដីរបស់លោក Mao បានឱ្យដឹងថា និយោជកជាច្រើនបានចោទលោកថា និយាយកុហកបិទបាំងអាយុពិត ដោយសារតែរូបរាង និង មុខមាត់របស់លោកមិនស័ក្តិសមនឹងអាយុទាល់តែសោះ។ ដោយត្រូវគេបដិសេធមិនទទួលឱ្យធ្វើការងារច្រើនពេក លោក Mao ក៏បានធ្វើវីដេអូលើ TikTok ដើម្បីបកស្រាយឱ្យច្បាស់ៗថា លោកគឺពិតជាមនុស្សពេញវ័យមានអាយុ ២៧ ឆ្នាំមែន ហើយលោកពិតជាចង់បានការងារធ្វើដើម្បីផ្គត់ផ្គង់ឪពុក ដែលទើបតែធូរស្រាលពីជំងឺ។
ក្រោយការបង្ហោះ វីដេអូរបស់លោកគឺទទួលបានការចាប់អារម្មណ៍ និង ចែកចាយយ៉ាងច្រើន ហើយឥលូវនេះដែរ លោកក៏មានកន្លែងការងារជាច្រើនចាប់អារម្មណ៍ទាក់ទងទៅផងដែរ ដោយពេលនេះ លោក Mao ក៏បានទទួលការងារមួយរួចហើយដែរ ដោយលោកសង្ឃឹមថា ការងារនេះនឹងផ្តល់កម្រៃគ្រប់គ្រាន់សម្រាប់ជួយឪពុកឱ្យជាសះស្បើយពីជំងឺ៕