(វីដេអូ) គ្មានឃើញមនុស្សសោះ តែបុរសម្នាក់ឈប់ម៉ូតូលក់ឆ្នោតនិយាយម្នាក់ឯង ឃើញហើយព្រឺក្បាលខ្ញាក
ថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកនៅថៃ ដោយឃើញមានបុរសម្នាក់មកចតម៉ូតូលក់ឆ្នោតតែម្នាក់ឯង និយាយឆ្លើយឆ្លងដូចជាមានអ្នកទិញ ទាំងដែលការពិតគ្មានឃើញមនុស្សម្នាក់សោះ ឃើញហើយព្រឺក្បាលតែម្តង។
បើតាមម្ចាស់ឃ្លាំង ដែលបុរសម្នាក់នោះបានចតលក់ឆ្នោតបានឱ្យដឹងថា ដំបូងឡើយគេឮសំឡេងម៉ូតូមកចត ក៏ស្មានថាមានម៉ូយយករបស់មកលក់ឱ្យ ទើបលើកទូរសព្ទមកឆែកកាមេរ៉ានៅមុខផ្ទះមើល ស្រាប់តែឃើញអ្នកលក់ឆ្នោតនោះ ឈរលក់តែម្នាក់ឯងជាមួយខ្យល់ ថែមទាំងមានកាយវិការដូចជាលក់ឱ្យមនុស្សពិតៗទៀតផង។
តាមការសម្ភាសរបស់អ្នកកាសែតវិញ បានឱ្យដឹងថា បុរសអ្នកលក់ឆ្នោតនោះ មានអាយុ ៦៧ ឆ្នាំ ហើយគាត់បានឱ្យដឹងរឿងដូច្នេះថា នៅថ្ងៃកើតហេតុ ខ្លួនបានទៅលក់ធម្មតា ដោយចាប់ពីលក់នៅហាងគុយទាវមួយកន្លែង ក្រោយចេញពីនោះខ្លួនក៏បានបន្តដំណើរទៅលក់នៅកន្លែងផ្សេងទៀត។
ក្នុងនោះ ទើបតែជិះចេញពីហាងគុយទាវបានប្រហែល ២០ ម៉ែត្រ ក៏បានឃើញស្រ្តីម្នាក់អាយុប្រហែលចន្លោះ ៣០ ទៅ ៤០ ឆ្នាំ ស្លៀកពាក់ខោអាវដេកខោជើងខ្លី ព្រមទាំងបក់ដៃហៅខ្លួននៅតាមចិញ្ចើមផ្លូវ។ នាងក៏បានទិញឆ្នោត ហើយលោកក៏លក់ឱ្យតាមធម្មតា ដោយនាងបានទិញលេខ ៥៧ និង ៥៩ ហើយក៏ឱ្យលុយលោក រួចដើរទៅក្រោយវិញបាត់។
យ៉ាងណាមិញ វីដេអូមួយនេះបានធ្វើឱ្យមហាជនព្រឺក្បាលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាកណ្តាលថ្ងៃចែសថ្នាក់នេះ ពួកអមនុស្សនៅតែអាចលេងសើចជាមួយមនុស្សបានដូច្នេះសោះ៕
សូមទស្សនាវីដេអូខាងក្រោម៖