ស្រីលង្កា ប្រកាសផ្អាកលក់សាំង ២ សប្ដាហ៍ ខណៈសេដ្ឋកិច្ចក្នុងប្រទេសកាន់តែដុនដាប
ប្រទេសស្រីលង្កា ប្រកាសផ្អាកការលក់ប្រេងសាំង រយៈពេល ២ សប្ដាហ៍ ដោយលើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ ដើម្បីជាការសម្រួលដល់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រទេស។
តាមសម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក Bandula Gunawardana បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះថា ៖ «ចាប់ពីពាក់កណ្ដាលយប់ថ្ងៃនេះតទៅ ប្រេងសាំងទាំងឡាយនឹងផ្អាកការលក់ចេញ ដោយលើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះដូចជា ផ្នែកសុខាភិបាល ជាដើម ដោយសារតែពួកយើងចង់រក្សាទុកនៅប្រេងសាំងដែលនៅសេសសល់បន្តិចបន្តួចនេះ។ ពួកយើងក៏មានការសោកស្ដាយផងដែរ ដែលធ្វើឱ្យពលរដ្ឋមានការលំបាកក្នុងស្ថានភាពនេះ»។
តាមសម្ដីរបស់លោក Gunawardana នេះដែរ គឺមានន័យថា ការផ្អាកលក់ប្រេងសាំងនេះ គឺក្នុងបំណងរក្សាប្រេងសាំងដែលនៅសេសសល់បន្តិចបន្តួច ទុកសម្រាប់ប្រើប្រាស់ករណីបន្ទាន់ ដោយសារតែស្តុកប្រេងសាំងក្នុងប្រទេស បានអស់ដល់បាតហើយ មានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់តែមួយថ្ងៃប៉ុណ្ណោះ ខណៈប្រទេសនេះ មិនអាចនាំចូលបានថែម។
ព្រមគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជននានា ឱ្យអនុញ្ញាតដល់បុគ្គលិករបស់ពួកគេអាចបំពេញការងារពីផ្ទះ នៅពេលមធ្យោបាយធ្វើដំណើរសាធារណៈបានផ្អាកដំណើរការនោះ៕