ថ្មីៗនេះ បងប្អូនអ្នកលេងបណ្ដាញសង្គម ជាពិសេសយុវវ័យ បាននាំគ្នាចាប់អារម្មណ៍នូវ ហាងកាហ្វេ ទើបបើកថ្មីមួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ ដែលបង្កើតឡើង ដោយមានបរិយាកាសស្រស់ស្រាយប្លែកភ្នែក ទាក់ទាញ គួរឱ្យចង់ជិះទៅកម្សាន្តអារម្មណ៍ និងថតរូបលេង ក្នុងឱកាសថ្ងៃឈប់សម្រាក ក៏ដូចជាថ្ងៃចុងសប្ដាហ៍។
នៅទីនោះ មានឈ្មោះថា «May Coffee» ស្ថិតក្នុង តំបន់ 7NG ក្នុងឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះឡើយ ដោយតម្រូវឱ្យធ្វើដំណើរឆ្លងតាមកំពង់ចម្លងអរិយក្សត្រ។
នៅទីនោះ ប្រិយមិត្តអាចទទួលទានកាហ្វេដ៏មានឱជារស ព្រមទាំងអាចអង្គុយគយគន់ទេសភាពវាលស្រែបៃតង ពីលើកន្លែងអង្គុយ ដែលសាងសង់ឡើងឆ្លងកាត់ផ្លូវ មានកម្ពស់ខ្ពស់ និង អាចមើលទេសភាពជុំវិញបាន ៣៦០ ដឺក្រេ គួរជាទីទាក់ទាញ។
មិនតែប៉ុណ្ណោះ ប្រិយមិត្តអាចបង្កើតបរិយាកាសជួបជុំ ជាមួយមិត្តភក្តិ គ្រួសារ ក៏ដូចជាគូស្នេហ៍ ព្រមទាំងថតរូបជាមួយគ្នា ក្នុងប្លង់ថតរូបដ៏ស្រស់ស្អាត នៅទីតាំងហាងកាហ្វេឆ្នៃប្រឌិតបែបថ្មី សាងសង់ឆ្លងកាត់លើផ្លូវ កម្របានឃើញពីមុនមកនេះ៕
រូបភាព ៖ Mao Bunchannarith