នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា»។
នៅក្នុងការផ្សាយផ្ទាល់នោះ ក៏មានការលើកឡើងជាសំណួរទៅកាន់វាគ្មិនថា តើយានយន្តអគ្គិសនី ត្រូវចុះបញ្ជីផ្លាកលេខដែរឬទេ? ហើយនីតិវិធីចុះបញ្ជី ដូចនឹងនីតិវិធីចុះបញ្ជីម៉ូតូដែរឬទេ?
វាគ្មិនកិត្តិយស បានគូសចម្លើយឆ្លើយតបថា បើយានយន្តអគ្គិសនីជាម៉ូតូអាចបើកល្បឿនលើសពី ៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវតែទៅចុះបញ្ជីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និង ដឹកជញ្ជូន។ ដោយឡែកអត្រាពន្ធ រាជរដ្ឋាភិបាលបានបញ្ចុះអត្រា ពន្ធយានយន្តអគ្គិសនី ប្រមាណ ៥០% ហើយដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើ។
សូមជម្រាបផងដែរថា នៅកម្ពុជា គិតត្រឹមថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨ គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០ គ្រឿង និង ទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនី បានចំនួន ៣៨ គ្រឿង៕