បាក់រលំអគារកម្ពស់ ១០ ជាន់នៅ អ៊ីរ៉ង់ ស្លា-ប់របួសមនុស្សជាង ៣០ នាក់យ៉ាងរន្ធ-ត់
អគារកម្ពស់ ១០ ជាន់ដែលកំពុងសាងសង់មួយនៅខេត្តមួយនាភាគនិរតីប្រទេសអ៊ីរ៉ង់ បានបាក់រលំ សង្កត់ស្លាប់មនុស្សចំនួន ៦ នាក់ របួស ២៧ នាក់ ខណៈច្រើននាក់ទៀតកំពុងជាប់ក្រោមគំនរបំណែកអគារ។
តាមរយៈវីដេអូស្ដែងៗបង្ហាញពីទិដ្ឋភាពពីកន្លែងកើតហេតុផ្ទាល់ បង្ហាញឱ្យឃើញពីធូលីអួរអាប់ពាសពេញកន្លែងជុំវិញនោះ ក្រោយអគារបាក់រលំ។ ក្នុងនោះដែរ ក៏ឃើញមានក្រុមសង្គ្រោះ និង ពលរដ្ឋក្នុងតំបន់មួយចំនួន បាននាំគ្នាសស្រាក់សស្រាំរត់ចូលទៅជួយជនរងគ្រោះដែលជាប់គាំងក្រោមគំនរអគារ ដែលទិដ្ឋភាពទាំងនោះមានសភាពរន្ធត់ក្រៃ។
បើតាមសម្ដីរបស់លោក Mehdi Valipour ប្រធានផ្នែកប្រតិបត្តិការសង្គ្រោះបន្ទាន់របស់កាកបាទក្រហមប្រចាំប្រទេសអ៊ីរ៉ង់ បានឱ្យដឹងថា មនុស្សចំនួន ៣២ នាក់ ត្រូវបានសង្គ្រោះចេញពីក្រោមគំនរអគារ ប៉ុន្តែបើតាមសាក្សីមួយចំនួនលើកឡើងថា មនុស្ស ៥០ នាក់ផ្សេងទៀតកំពុងជាប់ក្រោមគំនរអគារនៅឡើយ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះបច្ចុប្បន្នកំពុងនាំគ្នាដុតដៃដុតជើង ដើម្បីធ្វើការសង្គ្រោះជនរងគ្រោះដែលនៅសេសសល់ និង សង្ឃឹមថា អាចជួយសង្គ្រោះជីវិតរបស់ពួកគេបានដោយជោគជ័យ៕