តាលីបង់ ចេញច្បាប់ថ្មី ហាមមនុស្សប្រុស និង ស្រី ញ៉ាំអាហារខាងក្រៅជាមួយគ្នា ទោះប្ដីប្រពន្ធក៏ដោយ
រដ្ឋាភិបាលតាលីបង់ បានចេញការហាមប្រាមមនុស្សប្រុស និង មនុស្សស្រីនៅអាហ្វហ្គានីស្ថាន មិនឱ្យចេញញ៉ាំអាហារនៅក្រៅជាមួយគ្នា ឬ ក៏ទៅលេងតាមសួនច្បារនានាជាមួយគ្នា បើទោះបីជាពួកគេជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ។
តាមការបញ្ជាក់របស់មន្ត្រីតាលីបង់ម្នាក់បានបញ្ជាក់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅថា រដ្ឋាភិបាលតាលីបង់ បានចេញការហាមប្រាម មនុស្សប្រុស និង មនុស្សស្រី មិនឱ្យអង្គុយជិតគ្នា ពេលញ៉ាំអាហារតាមភោជនីយដ្ឋានខាងក្រៅ បើទោះបីជាពួកគេជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ។ ជាក់ស្ដែង កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ស្ត្រីអាហ្វហ្គានីស្ថានម្នាក់ បាននិយាយថា រូបនាង និង ស្វាមី ត្រូវបានម្ចាស់ភោជនីយដ្ឋានមួយប្រាប់ឱ្យអង្គុយបែកគ្នា។
ដោយឡែក មន្ត្រីតាលីបង់ដដែល បានបន្ថែមទៀតថា ទីក្រុង Herat ក៏បានដាក់ចេញវិធានការមួយទៀត ដែលនៅតាមសួនច្បារសាធារណៈ ក៏នឹងត្រូវឱ្យពលរដ្ឋដើរលេងតាមភេទដូចគ្នា ដោយមនុស្សស្រី អនុញ្ញាតឱ្យដើរលេងតាមសួនច្បារនៅថ្ងៃព្រហស្បតិ៍ សុក្រ និង សៅរ៍ រៀងរាល់សប្ដាហ៍ ដោយថ្ងៃនៅសល់គឺសម្រាប់មនុស្សប្រុស។
គួរបញ្ជាក់ថា ទីក្រុង Herat គឺជាទីក្រុងធំបំផុតទី ៣ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានពលរដ្ឋសរុបប្រមាណ ៤០ ម៉ឺននាក់។ មុនតាលីបង់កាន់កាប់ ទីក្រុង Herat ក៏ជាក្រុងមួយមានច្បាប់ទម្លាប់តឹងរឹងមួយចំនួនផងដែរ ហើយបច្ចុប្បន្ននេះ អាជ្ញាធរក្រុង Herat ក៏បានដាក់ច្បាប់មិនចេញប័ណ្ណបើកបរឱ្យមនុស្សស្រីផងដែរ៕