ចែកគ្នាដឹង! ចូលឆ្នាំថ្មីឆ្នាំខាល មនុស្សប្រុសកើតឆ្នាំច មានជោគល្អ តែមនសុស្រីជួបគ្រោះច្រើន
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់បានយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក កាលពីថ្ងៃ ១៤ មេសា គ្រិស្តសករាជ ២០២២ កន្លងទៅ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីជោគជតារាសីប្រចាំឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំច ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំច ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្តិ ឬ ចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះ ឮ ឬ ដឹង។ បើអ្នកបានតមប្រាកដ ក្នុងហេតុភេទបែបនេះ នោះខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
– បើជាមនុស្សស្រី ឆ្នាំច ទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកតែងតែកែកុន ប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬ អ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយ ថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬ មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជាតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬ សេចក្តីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្ដីឆ្លៀវឆ្លាត និង សេចក្ដីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ៕