តាមរយៈសារសំឡេងជូនជនរួមជាតិ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ខេត្តចំនួន ៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស់ ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស់ ឬ មិនពាក់ម៉ាស់ គឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល ដោយចាប់អនុវត្តចាប់ពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ តទៅ។
ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាស់សម្រាប់ខេត្តទាំង ៤ នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និង ជនបទ ខណៈការសម្រេចមិនតម្រូវឱ្យពាក់ម៉ាស់នេះ ក៏ដោយសារខេត្តទាំង ៤ ជាខេត្តដែលគ្មានករណីឆ្លងកូវីដ-១៩ ឬ បើមានក៏មានឆ្លងតិចតួចបំផុត ក្នុងរយៈកាលកន្លងមកនេះ។
ដោយឡែក សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តទាំង ៤ នេះ នៅពេលចេញទៅកាន់បណ្តាខេត្តដទៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ជាពិសេសគឺការពាក់ម៉ាស់ជាចាំបាច់៕
ប្រភព ៖ BTV News