នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និង សមិទ្ធផល នៃការស្តារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប។
ក្នុងឱកាសនោះ សម្ដេចបានមានប្រសាសន៍ ឱ្យបានដឹងថា រាជរដ្ឋាភិបាលកំពុងតែពិចារណា ដើម្បីសាកល្បងយកខេត្តមួយ ឬ ស្រុកមួយ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរ នៅក្នុងស្រុក ឬ ខេត្តនោះ មិនចាំបាច់ពាក់ម៉ាស់នោះទេ ខណៈសម្ដេចយល់ឃើញថា ការប្រើប្រាស់ម៉ាស់ ក៏ត្រូវចំណាយថវិកាគួរសមដែរ។
បន្ថែមលើសពីនេះ សម្តេចតេជោ បានបញ្ជាក់ថា ការសាកល្បងចង់យកខេត្តមួយ ឬ ស្រុកមួយ ដើម្បីបញ្ឈប់ការពាក់ម៉ាស់ ខណៈដែលប្រទេសមួយចំនួន បានបញ្ឈប់ការពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈរួចស្រេចទៅហើយ។ សម្តេច បានបន្តណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់សិន រង់ចាំដល់ពេលរាជរដ្ឋាភិបាលប្រកាសថា ខេត្ត ឬ ស្រុកណា អាចឈប់ពាក់ម៉ាស់បានចាំនាំគ្នាអនុវត្ត។
ខាងក្រោមនេះ ជាប្រសាសន៍ទាំងស្រុងរបស់សម្ដេច ៖
«ខ្ញុំកំពុងគិតថា នៅពេលណាមួយនឹងអាចប្រើប្រាស់វិធីសាស្រ្តបញ្ឈប់ការប្រើម៉ាស់ នៅក្នុងខេត្តណាមួយ ឬ ខេត្តពីរ ដើម្បីសាកល្បង ព្រោះម៉ាស់ជាការចំណាយដែរ។ អ៊ីចឹងពេលខ្លះយើងគួរតែសាកល្បង ឧបមាថាយើងយកខេត្តមួយ ឧទាហរណ៍ថា ព្រះវិហារ ដើរក្នុងខេត្តមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចេញពីខេត្តហ្នឹង ចូលមកទឹកដីខេត្តសៀមរាប ឬ ឧត្តរមានជ័យគឺត្រូវតែពាក់ម៉ាស់ ប៉ុន្តែប្រសិនបើយើងលើកលែងទាំងឧត្តរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងមកខេត្តឧត្តរមានជ័យមិនបាច់ពាក់ម៉ាស់ទេ អ្នកឧត្តរមានជ័យទៅព្រះវិហារក៏មិនបាច់ពាក់ម៉ាស់ដែរ ប៉ុន្តែបើឆ្លងទៅខេត្តសៀមរាបត្រូវតែពាក់ម៉ាស់។
អ៊ីចឹងខ្ញុំចង់សាក ព្រោះប្រទេសមួយចំនួនបានលើកលែងបម្រាមនៃការពាក់ម៉ាស់តាមទីធ្លាសាធារណៈរួចស្រេចទៅហើយ ក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់។ ថ្ងៃនេះ យើងមានអ្នកឆ្លងត្រឹមជាង ៣០ នាក់ ហើយភាគច្រើន គឺនៅទីក្រុងភ្នំពេញ និយាយយ៉ាងដូច្នេះកុំអាលដោះម៉ាស់អី ចាំដល់ខ្ញុំប្រកាស ខ្ញុំកំពុងតាមដានរៀងរាល់ពេលល្ងាចក្រោយម៉ោង ៦ តិច មានឆ្លងប៉ុន្មាន? នៅភ្នំពេញប៉ុន្មាន ខេត្តណាប៉ុន្មាន? អ៊ីចឹងយកត្រូវយកស្ថានភាពនោះ ដើម្បីយើងសាកល្បងនៅក្នុងខេត្តហ្នឹង គឺមិនចាំបាច់ពាក់ម៉ាស់ ឬ អាចថា ស្រុកហ្នឹងមួយមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចូលស្រុកផ្សេង អាហ្នឹងត្រូវពាក់អាចចាប់ផ្តើមស្រុកពីទំហំតូច ឬ អាចចាប់ផ្តើមដាក់ខេត្តមួយអ៊ីចឹងទៅ ឬក៏ដាក់ឧទាហរណ៍ រតនៈគិរី មណ្ឌលគីរី ស្ទឹងត្រែង បីខេត្តហ្នឹង មិនចាំបាច់ពាក់ម៉ាស់ ឬ មួយខេត្តមុន កំពុងពិចារណាអំពីបញ្ហានេះ»៕
ប្រភព ៖ ក្រសួងព័ត៌មាន