កូនខ្មែរគួរដឹង! តាមពិត កង្វេរ ដែលទេវតាឆ្នាំថ្មី ទ្រង់កាន់ គឺមានសណ្ឋាន និង ប្រវត្តិបែបនេះ
ទេវធីតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម នឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ចំថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ ទ្រង់គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង (វជិរៈ) ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។
ក្នុងនោះ ទាក់ទិនទៅនឹងកង្វេរ ដែលព្រះហស្តឆ្វេងទ្រង់កាន់ តាមរយៈផេក បុរាណាចារ្យ បានបង្ហាញពី រូបភាពចាស់ៗ និង រូបចម្លាក់បុរាណលើប្រាសាទខ្មែរ អំពីកង្វេរ ដែលបុព្វបុរសខ្មែរយើងប្រើប្រាស់សម្រាប់កាប់កត់កៀងដំរី តាំងពីសម័យបុរាណរៀងមក តដល់បច្ចុប្បន្ន។
ដូចដែលយើង បានជ្រាបស្រាប់មកហើយ កង្វេរ ឬ ដែលពាក្យរាជស័ព្ទហៅថា ព្រះអង្កុស ជាឧបករណ៍បុរាណសម្រាប់បញ្ជាដំរី ដែលមានរូបសណ្ឋានផ្សេងៗពីគ្នា ទៅតាមសម័យកាល ពោលគឺនៅសម័យបុរាណ គេនិយមប្រើប្រាស់កង្វេរដែលមានចុងស្រួចដូចចុងខ័ន ឬ លំពែង។ ជាពិសេសក្នុងកំឡុងសឹកសង្គ្រាម គេនិយមប្រើប្រាស់កង្វេរមួយប្រភេទទៀត ដែលមានដងវែង ហើយខាងចុង មានបំពាក់ជាចុងដាវស្រួច អាចប្រហារសត្រូវបានដោយងាយ ហៅថាដាវកង្វេរ។
ដាវកង្វេរនេះ ក៏រាប់ចូលជា ព្រះរាជសាស្ត្រាវុធរបស់ព្រះមហាក្សត្រផងដែរ ដែលតាមរាជស័ព្ទ គេឱ្យឈ្មោះថា ព្រះទម្រង់អសិអង្កុសា។ ព្រះទម្រង់អសិអង្កុសា នេះនៅពេលព្រះមហាក្សត្រស្តេចយាងចេញធ្វើសឹកសង្គ្រាមបង្ក្រាបពួកបច្ចាមិត្រ ប្រសិនបើស្តេចយាងបញ្ជាព្រះទីនាំងគជេន្ទ្រដោយផ្ទាល់ព្រះអង្គ ស្តេចទ្រង់នឹងប្រើប្រាស់ព្រះទម្រង់អសិកង្វេរនេះ ដើម្បីបញ្ជាដំរីផង ប្រហារបច្ចាមិត្រផង។
គួរឱ្យដឹងផងដែរថា កង្វេរ ឬ អង្កុស នេះ ត្រូវបានគេរាប់ជាវត្ថុស័ក្តិសិទ្ធិ ជាវត្ថុមង្គល ១ ក្នុងចំណោមវត្ថុមង្គលទាំង ៨ ( អដ្ឋមង្គល) របស់សាសនាព្រាហ្មណ៍ ហើយក៏ជាអាវុធពិសិដ្ឋរបស់ព្រះគណេស ទេពអ្នកកម្ចាត់ឧបសគ្គផងដែរ។ ហេតុនេះហើយបានជាបណ្តាអ្នកមានជំនឿលើមន្តអាគម ឬ អ្នកដែលធ្លាប់បានដឹងបានសិក្សាគម្ពីវេទទាំងឡាយគោរពបូជាកង្វេរខ្លាំងណាស់។ កង្វេរ ត្រូវបានគេសម្គាល់ថា ជាវត្ថុតំណាងឱ្យអំណាច ការគ្រប់គ្រង បញ្ជាការ ប្រៀបបីដូចជាហ្មដំរីបញ្ជាទៅលើដំរីដែលជាស្តេចសត្វក្នុងព្រៃដូច្នោះដែរ៕
ប្រភព ៖ បុរាណាចារ្យ