ឆ្នាំងដាំបាយគេគុណភាពពិតៗ ប្រើជាង ៣៩ ឆ្នាំហើយ មិនខ្ចីខូច
រឿងរ៉ាវថ្មីមួយកំពុងតែវាយលុកបណ្តាញសង្គម ដោយមានបុរសជនជាតិជប៉ុនម្នាក់ បានបង្ហោះឱ្យឃើញរូបឆ្នាំងដាំបាយអគ្គិសនីរបស់ខ្លួន រួចទម្លាយថាចង់ដូរឆ្នាំងបាយនេះចេញយូរហើយ តែកន្លងមកជាង ៣៩ ឆ្នាំ ឆ្នាំងដាំបាយកំពូលតស៊ូនេះ មិនខ្ចីខូចសោះ។
ការផុសរបស់បុរសខាងលើនេះ ត្រូវបានគេចែកចាយពាសពេញសង្គម ក្នុងនោះលោកក៏បានរៀបរាប់ឱ្យដឹងបន្ថែមផងដែរថា តាមពិតទៅ ឆ្នាំងដាំបាយមួយនេះ លោកបានទទួលវាយកមកប្រើតពីបងស្រីតាំងពីឆ្នាំ ១៩៨៧ មកម្ល៉េះ ហើយបើគិតៗទៅ មកដល់ពេលនេះវាមានអាយុ ៣៩ ឆ្នាំទៅហើយ ប៉ុន្តែវានៅតែអាចប្រើប្រាស់បានធម្មតា មិនដែលខូចនោះទេ រហូតធ្វើឱ្យលោកអត់គិតមិនបានថា តើវាអាចនឹងមានថ្ងៃខូចទេឬយ៉ាងណា។
លើសពីនេះទៅទៀត ម្ចាស់ឆ្នាំងដាំបាយមួយនេះ ពិតជាចង់ប្តូរទៅឆ្នាំងដាំថ្មីឱ្យស្អាតទាន់យុគសម័យ និង ទំនើបដូចគេណាស់ ប៉ុន្តែនៅតែមិនដាច់ចិត្ត ព្រោះតែឆ្នាំងនេះនៅប្រើការបាន ហើយមិនដឹងថាថ្ងៃមុខវានឹងខូចឬអត់ទេ មានតែទ្រាំប្រើបន្តទៅទៀត។ ដោយឡែក ក្រៅពីទទួលបានការចែកចាយភ្លូកទឹកភ្លូកដីហើយ ផុសមួយនេះ ក៏មានមហាជនជាច្រើនចូលមកខមិន ប្រាប់ពីបទពិសោធរបស់ខ្លួនជាមួយនឹងរបស់ប្រើប្រាស់របស់ខ្លួនផងដែរ៕