ស្ថិតនៅចម្ងាយប្រមាណ ១៨៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ជាទឹកដីដ៏សែនមនោរម្យ ដែលមានភ្នំខ្ពស់ៗ បូករួមផ្លូវកាច់កោងវែងអន្លាយ ស្របរុក្ខជាតិបៃតងដុះដេដាសតាមជួរភ្នំ និងដងផ្លូវ ស័ក្តសមសម្រាប់ដំណើរកម្សាន្ត ស្រូបយកខ្យល់អាកាស បែបធម្មជាតិបរិសុទ្ធ និងថតរូបស្អាតៗ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្ត មកស្គាល់រមណីយដ្ឋានជាប់ជើងភ្នំមួយកន្លែង ដែលមានទេសភាពស្រស់ត្រកាល បូករួមប្លង់ថតរូបស្អាតៗជាច្រើន ធានាថាបានទស្សនាកម្សាន្តហើយមិនស្ដាយក្រោយឡើយ ដែលនៅទីនោះមានឈ្មោះថា «ភ្នំនាគសរ»។
ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ភ្នំនាគសរ ជាតំបន់រមណីយដ្ឋាន ដែលត្រូវបានរៀបចំឡើងនៅលើវាលស្មៅបៃតងជាប់ជើងភ្នំ ជាមួយបរិយាកាសស្រស់ត្រកាល បូករួមនូវ រូបចម្លាក់ធំៗជាច្រើនប្រភេទ ដែលបានដាក់តាំងនៅទីនោះ សម្រាប់ឱ្យភ្ញៀវទេសចរ នាំគ្នាផ្ដិតយករូបភាពស្អាតៗជាទីគាប់ចិត្ត។
នៅទីនោះស័ក្តិសមបំផុត សម្រាប់ដំណើរកម្សាន្តបែបថតរូប Pre-Wedding ក៏ដូចជាដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ ដោយសារតែវា មានទីធ្លាធំទូលាយខ្លាំង អាចឱ្យក្មេងៗរត់លេងសប្បាយ ជាមួយបរិយាកាសធម្មជាតិ ដ៏ស្រស់ត្រកាល៕
រូបភាពដោយ ៖ Pursat Provincial Hall