ជឿថាមនុស្សជាច្រើនពិតជាប្រាថ្នាមិនចង់ឲ្យជួបបញ្ហាគេងមិនលក់សោះឡើយ ព្រោះវាពិតជាអាចប៉ះពាល់យ៉ាងខ្លាំងចំពោះ ផ្លូវអារម្មណ៍ សុខភាព និង ការរស់នៅប្រចាំថ្ងៃ ។
មូលហេតុគេងមិនលក់ ភាគច្រើនបណ្ដាលមកពីបញ្ហាផ្លូវចិត្ត រួមមាន កត្តាផ្ទាល់ខ្លួន គ្រួសារ និង សង្គម ។ ក្នុងនោះបញ្ហាសង្គម អាចបណ្ដាលមកពីបញ្ហាការរើសអើង ពូជសាសន៍ សម្បុរ សាសនា ភេទ ជាដើម ។ ចំណែកឯកត្តាគ្រួសារ គឺអាចបណ្ដាលមកពីការមិនចុះសម្រុងរវាងប្ដី ប្រពន្ធ ឬ កូន និង ឪពុកម្ដាយ ។ រីឯកត្តាផ្ទាល់ខ្លួន អាចបណ្ដាលមកពីបញ្ហាហិរញ្ញវត្ថុ បញ្ហាសុខភាព គិតច្រើន ការធ្វើអ្វីមួយមិនបានសម្រេច ។
ចំពោះការគេងមិនលក់ចែកចេញជាពីរប្រភេទ ៖
១. Acute insomnia ៖ ការគេងមិនលក់ចាប់ពីពីរទៅបីថ្ងៃក្នុងមួយសប្ដាហ៍ ឬអាចបន្លាយរហូតទៅដល់បីខែ ។
២. Chronic insomnia ៖ ការគេងមិនលក់លើសពីបីខែ ដែលអាចមានរោគសញ្ញាអាចសំគាល់បានដូចជា សញ្ញាវិលមុខ ឈឺក្បាល អស់កម្លាំង ចង់នៅម្នាក់ឯង ធ្លាក់ទឹកចិត្ត ធុញថប់ ជាដើម ។
ចំពោះការព្យាបាលវិញ ប្រសិនបើការគេងមិនលក់ត្រឹមកម្រិត Acute insomnia យើងអាចព្យាបាលត្រឹមកម្រិតមូលដ្ឋានគ្រឹះ ដោយបរិភោគអាហារបន្លែ ដែលមានជីវជាតិ ធ្វើលំហាត់ប្រាណ ដោះស្រាយបញ្ហាផ្សេងៗឲ្យជ្រះស្រឡះមុនចូលគេង ដាក់កាលវិភាគម៉ោងគេង និង ក្រោកឲ្យបានត្រឹមត្រូវ ។
ប្រសិនបើកម្រិត Chronic insomnia លោកអ្នកត្រូវទៅជួបជាមួយគ្រូពេទ្យឯកទេស ផ្នែកវិកលវិទ្យា ដើម្បីឲ្យគាត់វាយតម្លៃថា តើរោគសញ្ញាគេងមិនលក់ បណ្ដាលមកពីបញ្ហាអ្វីឱ្យប្រាកដ ត្រូវពិនិត្យ និង តាមដានសុខភាព ឬ អាចឈានទៅដល់ការប្រើប្រាស់ថ្នាំ ៕