បន្ទាន់! សម្តេច ហ៊ុន សែន ប្រកាសឱ្យកាត់បន្ថយការជួបជុំ ក្រោយការឆ្លងកើនលើស ២០០ នាក់ក្នុងមួយថ្ងៃ
នៅយប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារសម្លេងជូនជនរួមជាតិ ដោយអំពាវនាវឱ្យបងប្អូនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន ក្រោយសន្ទុះនៃការឆ្លងកូវីដ-១៩ ហាក់កើនឡើងវិញនាមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
តាមប្រសាសន៍របស់សម្តេចបានឱ្យដឹងថា៖ «នៅថ្ងៃនេះមានករណីឆ្លងកើនឡើងដល់ទៅជាង ២០០ ករណី ដែលតម្រូវឱ្យចេញវិធានការបន្ទាន់ និងត្រូវយកចិត្តទុកដាក់ ជាពិសេសសូមអំពាវនាវឱ្យបងប្អូនថែរក្សាសុខភាព ហើយអនុវត្តវិធានការដែលមានរួចកន្លងមក ដោយអនុវត្ត ៣ កុំ ៣ ការពារ មិនត្រូវជួបជុំគ្នាច្រើន។ ហើយបើសិនយើងគ្រប់គ្នាអាចអនុវត្តបាន នោះការឆ្លងក៏មិនរីករាលដាលខ្លាំងនោះដែរ។ ហើយត្រូវយកចិត្តពង្រឹងនូវស្ថានភាពទាំងឡាយ នៅតាមទីតាំងដែលបើកឱ្យធ្វើអាជីវកម្មដូចជាក្លឹប ខារ៉ាអូខេ ឬការអនុញ្ញាតឱ្យមានការជួបជុំដូចជារៀបចំឱ្យមានពិធីអាពាហ៍ពិពាហ៍ ការជួបជុំពិធីសាសនាជាដើម គួរត្រូវកម្រិត ឬកាត់បន្ថយ កាន់តែតិចគឺកាន់តែល្អ។ យើងធ្វើនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងជាពិសេសអូមីក្រុង ដែលកំពុងរាលដាលយ៉ាងច្រើនក្នុងទីក្រុងភ្នំពេញ។ ប្រសិនបើមិនប្រយ័ត្ននោះវានឹងរីកសាយភាយទូទាំងប្រទេស ដូចប្រភេទដែលតា និងអាល់ហ្វា ដែលយើងធ្លាប់ជួបប្រទះពីមុនមិនខាន»។
គិតត្រឹមថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាល ប្រកាសថា មានករណីឆ្លងអូមីក្រុង ក្នុងសហគមន៍ សរុបបានកើនឡើងដល់ ៩៧៨ នាក់ហើយ ខណៈដែលករណីឆ្លងអូមីក្រុង ដែលនាំចូលពីក្រៅប្រទេស ក៏បានឡើងដល់ជិត ៦០០ នាក់៕