ព្រោះឆ្នាំនេះហុងស៊ុយពណ៌ខៀវ ស្រាប់តែបុរសម្នាក់យកជ្រូកខ្វៃបាញ់ថ្នាំពណ៌ខៀវ ផ្ទុះការចាប់អារម្មណ៍
នៅថ្ងៃទី ៣១ ខែមករា និងថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យសែនចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ និង រៀបចំរណ្ដាប់រណ្ដា ទៅតាមក្បួនហុងស៊ុយតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបានសេចក្ដីសុខ រកស៊ីកាក់កប មានលាភមានជ័យ ក្នុងឆ្នាំថ្មីដែលនឹងចូលមកដល់។
ដោយឡែក ទន្ទឹមមុនថ្ងៃសែនចិនចូលមកដល់ ស្រាប់តែមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើបុរសម្នាក់ ដែលមានគណនីឈ្មោះ Pa Ying Ying បានរៀបចំត្រៀមសែនចិនដោយយកជ្រូកកណ្ដុរខ្វៃ ទៅបាញ់ថ្នាំពណ៌ខៀវដេរដាស ពុំធ្លាប់ឃើញកន្លងមក ព្រមទាំងបានបញ្ជាក់ថា ៖ «ហេង ហេង ពណ៌ ខៀវ ហុងស៊ុយ ហ៊ា លី ជ្រូកកណ្ដុរអាំង សែនចង្ក្រាន សូមឱ្យកូនចៅរកស៊ីមានបាន ពណ៌ ហុងស៊ុយ»។
គួររំឭកផងដែរថា តាមរយៈការបញ្ជាក់ពី អ្នកគ្រូហុងស៊ុយ ណាលី កន្លងទៅមុនថ្ងៃសែនចិនមកដល់ បានឱ្យបានដឹងថា ចំពោះការរៀបចំពណ៌សែនព្រេននៅក្នុងឆ្នាំនេះ គឺត្រូវប្រើប្រាស់ពណ៌ខៀវ ដែលប្លែកពីរាល់ឆ្នាំ គេនិយមប្រើប្រាស់ពណ៌ក្រហម ចំពោះការសែនព្រេនឆ្នាំថ្មី ដោយហេតុថា នៅថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានថាមពល ២ ចរចូលមកជាថាមពលពិឃាត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវគឺប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា គឺប្រភេទពណ៌ធាតុទឹក៕