កៀកសែនចិនហើយ! មកដឹងតម្លៃផ្កា តាំងលក់សម្រាប់សែន តាមហាងនៅភ្នំពេញ
នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ជាថ្ងៃសែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ខណៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានអាជីវករបានតាំងផ្កាជាច្រើនប្រភេទ លក់ត្រៀបត្រានៅតាមដងផ្លូវ មានភ្ញៀវជាច្រើន បានរួសរាន់នាំគ្នាឆ្លៀតទិញបណ្ដើរៗ ឱ្យបានមុនថ្ងៃសែនចិនមកដល់។
ទន្ទឹមទៅនឹងការលក់ដូរ ផ្កាសម្រាប់សែនក្នុងថ្ងៃសែនចូលឆ្នាំចិននេះ អាជីវករវ័យ ៣៨ ឆ្នាំ ឈ្មោះ ឌឿន សោភា បានបញ្ជាក់ពីតម្លៃហាងឆេងផ្កាសម្រាប់សែន ឱ្យ «ប្រជាប្រិយ» បានដឹងថា ចំពោះផ្កាស្បៃរឿង គឺមានតម្លៃចាប់ពី ៦០០០៛ ឬ ៨០០០៛ ឡើងទៅ ខណៈផ្កាអង្គារសិល្ប៍ មានពី ៤០$ ដល់ ២៥០$ ឯដើមក្រូច មានពី ១០$ ដល់ ៤០០$។
ដោយឡែក បើតាមអាជីវករលក់ដូរផ្កាមួយរូបទៀត មានឈ្មោះ តាំង សាំ វ័យ ៥៨ ឆ្នាំ ជាអាជីវករប្រកបអាជីព លក់ផ្កា ស្ទើរតែ ២០ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ហាងឆេងផ្កាអង្គាសិល្ប៍នៅក្នុងឆ្នាំនេះ គឺមានតម្លៃចាប់ពី ២០០០០ រៀល ឡើងទៅរហូតដល់ ១៥០$ ទៅតាមទំហំ។ ក្នុងនោះអាជីវករខាងលើបានបញ្ជាក់ផងដែរថា ផ្កាទាំងនោះភាគច្រើននាំចូលពី ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង ខេត្តពោធិ៍សាត់ ហើយភ្ញៀវដែលមកទិញភាគច្រើន យកទៅលក់បន្តនៅផ្សារច្បាអំពៅ និង វត្តសំពៅមាស៕