កុំចេះតែស្កេនផ្ដេសផ្ដាស! FBI ណែនាំឱ្យអ្នកប្រើប្រាស់ស្កេនកូដ ប្រុងប្រយ័ត្ន ចៀសវាងមានបញ្ហាបែបនេះ
QR កូដ (Quick Response) គឺជាបច្ចេកវិទ្យា ដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ឬ ធ្វើការផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ QR កូដនេះ ត្រូវបានកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារតែទាំងអាជីវករ និង អ្នកប្រើប្រាស់ បានងាកមកប្រើបច្ចេកវិទ្យានេះ ដើម្បីចៀសវាងពីការប៉ះពាល់ដោយផ្ទាល់។
ទន្ទឹមទៅនឹងការប្រើប្រាស់នេះ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសារចែករំលែក ពាក់ព័ន្ធទៅនឹងការស្កេនកូដ ឱ្យបានដឹងថា អាជ្ញាធរ FBI បានចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងការប្រើប្រាស់ QR កូដនេះ។
ជាក់ស្ដែង អាជ្ញាធរ FBI សហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយ ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ព្រោះជនខិលខូច កំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដោយប្រើ QR កូដក្លែងក្លាយ ដែលភ្ជាប់ទៅនឹងគេហទំព័រដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឱ្យពួកគេ ប្រើព័ត៌មានទាំងនោះ ដើម្បីលួចផ្ទេរលុយចេញពីគណនីរបស់ជនរងគ្រោះ។
មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះទៀតជនខិលខូចអាចបង្កប់មកជាមួយនូវតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ដែលស្នើសុំឱ្យអ្នកប្រើប្រាស់ វាយបញ្ចូលឈ្មោះសម្គាល់ និង លេខសម្ងាត់ ដែលអាចឱ្យពួកគេ លួចចូលទៅក្នុងគណនីទាំងនោះ បាននៅពេលក្រោយ។
អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ននៅពេលស្កេន QR កូដ ណាមួយ ដោយពិនិត្យមើលអាសយដ្ឋាន របស់គេហទំព័រ ឱ្យបានជាក់លាក់ ព្រោះជនខិលខូច តែងតែបង្កើតឈ្មោះគេហទំព័រក្លែងក្លាយ ដែលស្រដៀងគ្នាទៅនឹងគេហទំព័រពិតប្រាកដ៕