ជិតចូលឆ្នាំចិនហើយ! ទម្លាយអត្ថន័យនៃការលោតម៉ុងសាយ ក្នុងជំនឿជនជាតិចិន
នៅក្នុងវប្បធម៌ចិន សត្វតោគឺតំណាងឱ្យអំណាច ប្រាជ្ញា និង ឧត្តមភាព។ ការសម្តែងរបាំតោក្នុងពិធីបុណ្យចិន ឬ ក្នុងឱកាសធំៗ គឺគេប្រារព្ធឡើងដើម្បីនាំនូវលាភសំណាង និង ដេញវិញ្ញាណអាក្រក់។ ការរាំតោគឺជាប្រពៃណីដ៏សំខាន់បំផុតមួយក្នុងឱកាសបុណ្យចូលឆ្នាំចិន។ វាត្រូវបានអនុវត្តដើម្បីនាំមកនូវភាពរុងរឿង និង សំណាងល្អសម្រាប់ឆ្នាំខាងមុខ។ ការរាំតោ ឬ ហៅថាការលោតម៉ុងសាយ គឺជាពិធីមួយដើម្បីបង្កើតបរិយាកាសបុណ្យ ហើយក៏ជាពិធីនាំមកនូវសុភមង្គលផងដែរ។
ជាធម្មតា របាំតោត្រូវបានសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំចិន និង ពិធីបុណ្យប្រពៃណី វប្បធម៌ និង សាសនាផ្សេងៗរបស់ចិន។ វាក៏អាចប្រារព្ធឡើងនៅក្នុងពិធីសំខាន់ៗដូចជា ការបើកអាជីវកម្ម ពិធីពិសេសៗ ពិធីអាពាហ៍ពិពាហ៍ ឬ អាចត្រូវបានប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់ភ្ញៀវជាពិសេសដោយសហគមន៍ចិន។
ការរាំតោរបស់ចិនត្រូវបានសម្តែងដោយមនុស្សពីរនាក់ ដែលម្នាក់ធ្វើចលនាក្បាល និង ម្នាក់ទៀតនៅផ្នែកខាងក្រោយនៃការសម្តែង។ វាអាចសម្គាល់បានពីរបាំនាគ ដែលសម្តែងដោយមនុស្សជាច្រើនកាន់ដងបង្គោលវែងតាមដងខ្លួនរបស់នាគ។ ការរាំតោរបស់ចិនអាចរកបាននៅក្នុងសិល្បៈក្បាច់គុនរបស់ចិន ហើយវាត្រូវបានសម្តែងជាទូទៅជាមួយនឹងការវាយស្គរដ៏ខ្លាំង ។
របាំតោចិនមានទម្រង់សំខាន់ពីរគឺ តោខាងជើង និង តោខាងត្បូង។ ទម្រង់ទាំងពីរនេះត្រូវបានគេរកឃើញជាទូទៅនៅក្នុងប្រទេសចិន និង ជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ប្រភព៖ chinahighlights , Wikipedia