ចូលឆ្នាំចិនមិនដឹងទៅណា? អាចទៅកន្លែងមួយនេះ ថតរូបស្អាត បរិយាកាសស្ងប់ស្ងាត់ល្អ ប្រៀបបានឋានទេពនិម្មិត
ស្ថិតនៅចម្ងាយប្រមាណជា ៣១២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តសៀមរាប ជាទឹកដីដ៏ពិសិដ្ឋ ដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប រួមមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ភ្នំ តំបន់ទឹកធ្លាក់ និង តំបន់ទេសចរណ៍កែច្នៃជាដើម ដែលសម្ញែងកាយត្រៀបត្រា បើកចិត្តបើកកាយទទួលភ្ញៀវទេសចរ ឱ្យទៅទស្សនាកម្សាន្ត ក្នុងបរិបទថ្មី រស់នៅជាមួយកូវីដ-១៩។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមលើកយកនូវតំបន់ទេសចរប្រវត្តិសាស្ត្រមួយកន្លែង ក្នុងទឹកដីខេត្តសៀមរាប នោះគឺ «ប្រាសាទបន្ទាយស្រី» ដែលជាទីតាំងស័ក្តិសមសម្រាប់ទៅទស្សនាកម្សាន្ត ក្នុងរដូវរំហើយនេះ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនតែម្ដង ដែលប្រិយមិត្តអាចឆៀងចូលទស្សនាបាន ដើម្បីបានលេងកម្សាន្តផង និង បានផ្តល់ប្រាក់ចំណូលតិចតួច ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង។
ចំណុចគួរឱ្យចាប់អារម្មណ៍ ដែលប្រិយមិត្តគួរតែដាក់គោលដៅទៅទស្សនានៅទីតាំងមួយនេះ គឺដោយសារតែនៅតំបន់ និង ចំណុចប្រាសាទបន្ទាយស្រី មានបរិយាកាសពិសេសៗជាច្រើន បូកផ្សំនឹងភាពស្ងប់ស្ងាត់ពីភ្ញៀវទេសចរអន្តរជាតិ ធ្វើឱ្យប្រាសាទដែលមានរាងតូចច្រឡឹង ជាមួយនឹងប្រណីតភាពនៃក្បូរក្បាច់រចនាដ៏រស់រវើកមួយនេះ ក្លាយជាកន្លែងយ៉ាងស័ក្តិសមឥតខ្ចោះ សម្រាប់ផ្តិតយករូបភាពអនុស្សាវរីយ៍ ដែលហាក់ដូចជា កំពុងស្ថិតនៅក្នុងឋានទេពនិម្មិតអ៊ីចឹងឯង៕
ប្រភព និង រូបភាព ៖ ឃឹម ហ្វីណង់