ទម្រាំក្លាយជាមហាសេដ្ឋី Elon Musk ជួបបរាជ័យជិត ២០ ដង
តើអ្នកដឹងទេថាមុននឹងមានឈ្មោះជាមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk គឺជាមនុស្សដែលជួបបរាជ័យមិនក្រោម ១០ ដងនោះឡើយ? តែដោយភាពមិនរាថយ តស៊ូមិនចុះចាញ់ បានធ្វើឱ្យលោកក្រោកឈរបានគ្រប់ពេលដែលដួល ហើយបានជោគជ័យមកដល់ពេលបច្ចុប្បន្ន ។ តាមរយៈការស្រាវជ្រាវ ថ្ងៃនេះ «ប្រជាប្រិយ» នឹងជីកយកប្រវត្តិបរាជ័យដែលមហាសេដ្ឋីរូបនេះធ្លាប់បានជួបតាំងពីពេលចាប់ផ្តើមដំបូង ៖
លើកទី ១ ៖ ក្នុងឆ្នាំ ១៩៩៥ លោក Elon Musk គឺបានទទួលបរាជ័យក្នុងការដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុន Netscape ។ ឆ្នាំនេះក៏ជាឆ្នាំដែល Elon និង ប្អូនប្រុសបង្កើតរបស់គាត់ Kimbal Musk ចាប់ដៃគ្នាកសាងក្រុមហ៊ុន Global Link ដោយប្រើប្រាស់លុយដែលឪពុកគាត់បានឱ្យចំនួន ២៨ ០០០ ដុល្លារ ។
លើកទី ២ ៖ ក្នុងឆ្នាំ ១៩៩៦ គាត់ត្រូវបានគេបណ្តេញចេញពីដំណែងជា CEO នៅក្រុមហ៊ុនផ្ទាល់ខ្លួន ដែលមានឈ្មោះថា Global Link ក្រោយមកប្តូរឈ្មោះទៅជា Zip2 ។
លើកទី ៣ ៖ Paypal ត្រូវបានគេវាយតម្លៃថាជាគំនិតជំនួញដ៏អន់បំផុតមួយក្នុងចំណោម ១០ នៅក្នុងឆ្នាំ ១៩៩៩ ។ ក្នុងឆ្នាំដដែល Elon បានជួបគ្រោះថ្នាក់ក្រឡាប់ឡាន McLaren F1 ដែលគាត់ទើបនឹងទិញក្នុងតម្លៃ ១ លានដុល្លារ ។
លើកទី ៤ ៖ ក្នុងឆ្នាំ ២០០០ ខណៈពេលដែលកំពុងធ្វើដំណើរក្រេបទឹកឃ្មុំ ក្រុមហ៊ុន Paypal បានបង្ខំឱ្យ Elon ចុះចេញដំតំណែង CEO ដែលនេះគឺជាលើកទី ២ ដែលគាត់ធ្លាក់ពីដំណែងនៅក្នុងក្រុមហ៊ុនខ្លួនឯងផ្ទាល់ ។ ស្របពេលជាមួយគ្នា Elon ស្ទើរតែបាត់បង់ជីវិតក្នុងកំឡុងពេលវិស្សមកាល ដោយគាត់បានឆ្លងជំងឺមួយដែលមានឈ្មោះថា Cerebral Malaria ដែលជាជំងឺមួយធ្វើទុក្ខដល់ខួរក្បាល និង ប្រព័ន្ធប្រាសាទដោយឆ្លងតាមរយៈមូសខាំ ។ ឆ្លងកាត់បទពិសោធជូរចត់ ២ ដង ចំពេលដំណើរកម្សាន្តក្នុងមួយឆ្នាំ Elon បានបង្ហើបពាក្យមួយឃ្លាថា «វិស្សមកាលនឹងសម្លាប់អ្នក (Vacations will kill you!)» ។
លើកទី ៥ ៖ ក្នុងឆ្នាំ ២០០១ Elon Musk បានចាប់ផ្តើមដុះគំនិតធ្វើការបង្កើតយានអាវកាស ដើម្បីហោះចេញទៅកាន់លំហ ដោយគាត់ឱ្យឈ្មោះថា «Mars Oasis» មានន័យថាការបង្កើតផ្ទះបៃតងតូចៗនៅភពព្រះអង្គារ ។ គាត់ត្រូវបានប្រទេសរុស្សីបដិសេធមិនព្រមលក់រ៉ុកកែតឱ្យ ។
លើកទី ៦ ៖ បន្ទាប់ពីបរាជ័យក្នុងការទិញរ៉ុកកែតលើកដំបូង Elon បានធ្វើដំណើរទៅរុស្ស៊ីជាលើកទី ២ ក្នុង ២០០២ ដើម្បីចរចាទិញម្តងទៀត ដោយនៅពេលនោះរុស្ស៊ីបាននិយាយថាបើចង់ទិញគេនឹងលក់ឱ្យក្នុងតម្លៃ ៨ លានដុល្លារ ។ ក្រោយពីដឹងតម្លៃ Elon បានសម្រេចចិត្តត្រឡប់មកផ្ទះវិញ ដោយគាត់គិតថាហាក់បីដូចជាត្រូវគេចាក់កទាំងរស់ គំនិតបង្កើតរ៉ុកកែតដោយខ្លួនឯងរបស់គាត់បានដុះឡើងនៅពេលនោះ ដោយគាត់គិតថាគាត់នឹងចំណាយអស់តិចជាងនេះឆ្ងាយណាស់ ។
លើកទី ៧ ៖ ក្រោយចំណាយពេលអស់ជាង ៤ ឆ្នាំ Elon បានឈ្នះកិច្ចសន្យាជាមួយអង្គការ NASA ដោយគេបានយល់ព្រមឱ្យគាត់បន្តគម្រោង SpaceX របស់គាត់ នៅឆ្នាំ ២០០៦ ។ ឆ្នាំនេះជាឆ្នាំដំបូងដែល Elon បានបង្ហោះរ៉ុកកែតដំបូងរបស់ខ្លួន តែគួរឱ្យសោកស្តាយមិនបានសម្រេច ព្រោះវាបានផ្ទុះ ។
លើកទី ៨ ៖ ក្នុងឆ្នាំ ២០០៧ គាត់បានបង្ហោះរ៉ុកកែតជាលើក ២ ហើយវាក៏ផ្ទុះម្តងទៀត ។
លើកទី ៩ ៖ ក្នុងឆ្នាំ ២០០៨ រ៉ុកកែតទី ៣ របស់គាត់បានបង្ហោះឡើង តែគួរឱ្យសោកស្តាយវានៅតែមិនបានជោគជ័យ លទ្ធផលមិនខុសមុន គឺផ្ទុះ ។ ដោយនៅឆ្នាំដដែលនេះ រថយន្ត Tesla ត្រូវបានទស្សនាវដ្តី Top Gear បង្ហាញថាជារថយន្តពិសោធដែលពិបាករត់ និង អាចបង្កគ្រោះមហន្តរាយដល់អ្នកបើកបរនៅតាមដងផ្លូវ ។ នៅខែធ្នូ ចុងឆ្នាំ ២០០៨ ក្រុមហ៊ុនទាំង ២ របស់លោក គឺ Tesla និង SpaceX បានដើរដល់ដំណាក់កាលក្ស័យធន ។
លើកទី ១០ ៖ នៅឆ្នាំ ២០១៣ រ៉ុកកែតថ្មីមួយទៀតដែលជាការសាកល្បងដកពិសោធរ៉ុកកែតដំបូង ដែលអាចចុះចតបានដោយខ្លួនឯងគ្មានមនុស្សបើក បានបង្ហោះឡើង តែក៏ត្រូវផ្ទុះម្តងទៀត ប៉ុន្តែការដកពិសោធលើកនេះបានធ្វើឱ្យក្រុមហ៊ុន SpaceX អាចប្រមូលទិន្នន័យបានពីការចុះចតលើកដំបូង ។
លើកទី ១១ ៖ ក្នុងឆ្នាំ ២០១៥ រ៉ុកកែតទី ២ ទី ៣ និង ទី ៤ ត្រូវបានបង្ហោះឡើង តែលទ្ធផលគឺបរាជ័យ ដោយទី ២ និង ទី ៣ ផ្ទុះនៅពេលសាកល្បងចុះចត ចំណែកឯទី ៤ គឺផ្ទុះនៅពេលបង្ហោះ ។
លើកទី ១២ ៖ នៅឆ្នាំ ២០១៦ រថយន្ត Tesla Model X ត្រូវបានពន្យារពេលចេញលក់ ដោយយឺតជាងកាលវិភាគជាង ១៨ ខែ ដោយ Elon Musk បានអះអាងមូលហេតុថាចង់ឱ្យរថយន្តដែលដាក់លក់ទៅគឺមានគុណភាពល្អតាមអ្វីដែលគេចង់បាន ។
លើកទៅ ១៣ ៖ ការផ្ទុះរ៉ុកកែតទី ៥ នៅពេលដែលធ្វើតេស្តជាមួយនឹងផ្កាយរណបហ្វេសប៊ុក AMOS-6 នៅក្នុងឆ្នាំ ២០១៦ ។ ក្នុងឆ្នាំដដែល រ៉ុកកែតទី ៥ ទី ៦ ក៏បានបង្ហោះឡើង និង ទទួលបរាជ័យមិនខុសពីលើកមុន ។
បើទោះបីជាឆ្លងកាត់ការបរាជ័យច្រើនបែបនេះក្តី គិតមកទល់ពេលបច្ចុប្បន្ននេះ Elon Musk បានក្លាយជាមហាសេដ្ឋីមួយរូបដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៣ លើពិភពលោកដោយមានទ្រព្យសម្បត្តិប្រមាណជាង ១៧៨,៧ ពាន់លានដុល្លារ ៕
ប្រភព៖ Dailyinfographic & Maxmyprofit