នាទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានលេចឡើងនូវសមិទ្ធផលដ៏វិសេសអស្ចារ្យថ្មីមួយ នៅក្នុងក្រុងសៀមរាបផ្ទាល់តែម្ដង គឺ សួនព្រះរាជដំណាក់ ក្នុងខេត្តសៀមរាបដែលសម្ញែងកាយបង្អួតសម្រស់ ស្រស់ឆើតឆាយទាក់ភ្នែកមហាជនជាខ្លាំង ដោយសារតែពុំធ្លាប់ឃើញមានសួនច្បារឯណារចនាលម្អ ដ៏ស្រស់សោភា ប្រកបដោយប្រណីតភាពបែបនេះពីមុនមកឡើយ ។
តាមរយៈរូបភាពដែលបង្ហោះដោយផេក តោះទៅលេង សៀមរាប-Let’s Go To Siem Reap បានបង្ហាញពីទេសភាព ក៏ដូចជាទិដ្ឋភាពដ៏ស្រស់ត្រកាល លម្អដោយផ្កា និង រុក្ខជាតិចម្រុះពណ៌ដាំដុះនៅក្នុងសួន អមជាមួយខ្លោងទ្វា និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលកសាងឡើងប្រកបដោយរចនាបថខ្មែរដ៏ពិសិដ្ឋ ក្រោមថ្វីដៃកូនខ្មែរពិតៗតែម្ដង ដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ។
គួរឱ្យដឹងផងដែរថា សួនព្រះរាជដំណាក់នេះ ត្រូវបានសាងសង់ឡើង ដើម្បីកែលម្អសោភណ្ឌភាពទីធ្លា សួនច្បារ ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏ដូចជាបន្ថែមនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញព្រះរាជដំណាក់ ខេត្តសៀមរាប ខណៈដែលសួននេះ បានធ្វើពិធីក្រុងពាលីដំណើរការជួសជុលកែលម្អ ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មក នឹងគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០២១ នេះ ទៅតាមដំណាក់កាលកែលម្អនីមួយៗ ៕