ក្លិនខ្លួន ក្លិនមាត់ គឺជារឿងដែលគ្មាននរណាម្នាក់ចង់ឱ្យកើតឡើងចំពោះខ្លួនឯងនោះទេ ព្រោះវាជះឥទ្ធិពលដោយផ្ទាល់ទៅលើបុគ្គលិកលក្ខណៈរបស់យើង ។ ក្លិនខ្លួនអាចកើតឡើងពីតំណពូជ ឬកើតតាមរយៈការញ៉ាំអាហារជារៀងរាល់ថ្ងៃរបស់យើង ។ ទោះបីអាហារជាកត្តាមួយដែលធ្វើឱ្យមានក្លិនខ្លួនក៏ដោយ ប៉ុន្តែក៏មានអាហារមួយចំនួនដែរ ដែលអាចជួយកាត់បន្ថយក្លិនខ្លួនបាន ហើយអាហារទាំងនោះមាន ៖
១. សាច់ត្រី
ត្រី ជាអាហារដែលងាយរំលាយ និង ជួយមិនឱ្យមានក្លិនខ្លួន បើប្រៀបធៀបជាមួយសាច់ប្រភេទផ្សេងៗទៀត ។ សាច់ត្រីចាត់ទុកថាជាសាច់ដែលរាងកាយអាចដុតបំផ្លាញបានងាយបំផុតទោះបីជាការបរិភោគត្រីមិនជួយធ្វើឱ្យខ្លួនយើងក្រអូប ប៉ុន្តែវាធ្វើឱ្យយើងមិនមានក្លិនខ្លួនបន្ថែមទៀត ។
២. ក្រូច
ផ្លែក្រូចវាសម្បូរទៅដោយជាតិសរសៃ និងងាយស្រួលដល់ការបន្ទោបង់ ដោយសារតែជួយដល់ការបន្ទោបង់នេះឯងទើបអាចកាត់បន្ថយក្លិនខ្លួនបាន ។ ដោយសារតែរាងកាយមិនពោពេញទៅដោយកាកសំណល់ ទើបធ្វើឱ្យមិនមានក្លិនចេញពីខាងក្នុងចេញមក ។
៣. ផ្លែឈើប្រភេទប៊ឺរី
ដោយសារតែផ្លែឈើប្រភេទនេះមានផ្ទុកនូវវីតាមីនសេច្រើន វាអាចជួយកាត់បន្ថយក្លិនមាត់ អាចជួយដល់ការរំលាយអាហារ អាចជួយជំរុញកាកសំណល់ចេញពីរាងកាយដែលជាមូលហេតុនៃក្លិនខ្លួន ។
៤. យ៉ាអួ
ការញ៉ាំយ៉ាអួអាចជួយកាត់បន្ថយក្លិនខ្លួន និងជួយកាត់បន្ថយក្លិនមាត់បានទៀត ។ សម្រាប់អ្នកដែលទើបតែញ៉ាំខ្ទឹមស ហើយខ្លាចមានក្លិនមាត់ សាកល្បងញ៉ាំយ៉ាអួតាមក្រោយបាន វានឹងអាចជួយកម្ចាត់ក្លិនមាត់បាន ។
៥. បន្លែពណ៌បៃតង
ជាតិសរសៃក្នុងបន្លែពណ៌បៃតងក៏អាចជួយកាត់បន្ថយក្លិនខ្លួនបានផងដែរ ដោយសារតែជាតិសរសៃនៅក្នុងបន្លែអាចជួយបន្សាបជាតិពុលនៅក្នុងពោះវៀន និងអាចជួយបណ្តេញកាកសំណល់ចេញពីរាងកាយរបស់យើងយ៉ាងល្អ ។
៦. ឪឡឹក
ឪឡឹកមានជាតិទឹកច្រើនជួយដល់ការបត់ជើងតូច និងជួយដល់ការរំលាយអាហារ ។ វាក៏អាចជួយកាត់បន្ថយការស្ត្រេសបានដែរ នៅពេលដែលស្ត្រេសរាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងធ្វើឱ្យមានក្លិនខ្លួន ។
៧. ត្រសក់
ត្រសក់ត្រូវបានគេចាត់ទុកថាជាបន្លែដែលមានជាតិទឹកដូចនឹងឪឡឹកដែរ ។ ការបរិភោគត្រសក់អាចជួយដល់ការបន្ទោបង់ ជួយបណ្ដេញជាតិពុល ជួយកម្ចាត់កាកសំណល់ក្នុងរាងកាយដែលជាប្រភពនៃក្លិនខ្លួន និង ក្លិនមាត់ ។
៨. តែបៃតង
តែបៃតងចាត់ទុកថាជាភេសជ្ជៈមួយដែលដែលអាចជួយបន្សាបជាតិពុកក្នុងពោះវៀនបានយ៉ាងល្អ រួមទាំងជួយកាត់បន្ថយភាពតានតឹងបានទៀតផង ។ ជួយទប់ស្កាត់ការលូតលាស់របស់បាក់តេរីដែលជាហេតុបង្កឱ្យមានក្លិនខ្លួន ដូច្នេះហើយការញ៉ាំតែបៃតងញឹកញាប់ វាអាចជួយកាត់បន្ថយក្លិនខ្លួន និងអាចជួយឱ្យបញ្ចុះទំងន់បានផងដែរ ។
៩. ផ្លែល្ហុង
ចំពោះអ្នកដែលខ្លាចមានក្លិនខ្លួនពីការញ៉ាំសាច់ សាកញ៉ាំផ្លែល្ហុងបានដោយសារតែល្ហុងមានអង់ស៊ីមដែលអាចជួយដល់ការរំលាយអាហារប្រភេទប្រូតេអ៊ីនបានល្អ ហើយក៏អាចជួយសម្អាតពោះវៀនបានផងដែរ ។
១០. ផ្លែប៉ោម
ក្នុងផ្លែប៉ោមមានសារជាតិ Pectin ដែលជួយការពារប្រូតេអ៊ីននៅក្នុងពោះវៀនមិនឱ្យខូច ដែលជាប្រភពនៃក្លិនខ្លួន និង ក្លិនមាត់ ។ ទន្ទឹមនឹងនេះផ្លែប៉ោមក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលអាចជួយសម្អាតពោះវៀន និង ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ៕