
នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីផ្ទុះអាវុធមួយ បណ្តាលឱ្យយុវជនក្មេងស្ទាវម្នាក់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅទីតាំងក្រោមស្ពានអាកាសផ្សារដីហុយ ទល់មុខធនាគារ ABA ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដើមឡើយមានក្មេងស្ទាវ ២ នាក់ មានម្នាក់ជាជនរងគ្រោះ បានវាយប្រតាយប្រតប់គ្នា រត់ដេញចាក់គ្នា ពីស្ពានអាកាសផ្សារដីហុយខាងកើតមក ដោយមានកាំបិតនៅជាប់ខ្លួន រត់សំដៅមកមុខធនាគារ ABA ។ ភ្លាមៗនោះមានបុរសម្នាក់ ដែលជាសន្តិសុខនៅទីតាំងខាងលើនោះ ក៏បានមកសម្រួល តែដោយសារជនរងគ្រោះស្មានជាបក្សពួកសត្រូវរបស់ខ្លួន ក៏កាន់កាំបិតរត់សំដៅបម្រុងនឹងចាក់ តែត្រូវសន្តិសុខខាងលើ បាញ់ការពារខ្លួនរហូតធ្វើឱ្យជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយផ្ទុះរឿងនេះ ស្រាប់តែ ម្ចាស់គណនីមួយឈ្មោះ An Mean Kosal បានចេញមុខ ទម្លាយថា បុរសដែលបានបាញ់ខាងលើ មានឈ្មោះ ភឿង ភីរះ អាយុ ៣៦ ឆ្នាំ នៅលីវ ។ គាត់គឺជាមិត្តភក្តិរួមថ្នាក់ជាមួយលោក នៅដេប៉ាដឺម៉ង់បារាំង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមនុស្សស្លូតបូត សុភាពរាបសា មិនសូវនិយាយស្តី ស្រគត់ស្រគំគាត់ ហើយជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ និងមានបងប្រុសជាមនុស្សវិកលចរិក ហើយគាត់ជាបង្គោលគ្រួសារផ្ទាល់តែម្ដង ។
ម្ចាស់គណនីខាងលើបានបន្តឱ្យដឹងទៀតថា « គាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកបកប្រែភាសាបារាំង និង បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ គាត់ធ្លាប់ធ្វើការផ្នែកបកប្រែនៅក្រុមហ៊ុនល្បីមួយ នៅភ្នំពេញ និងបកឱ្យស្ថានទូតបារាំង និងអង្គការបារាំង ពិសេសពាក់ព័ន្ធការងារទូត ការងារស៊ើបអង្កេត ជាភាសាបារាំង ( il a un mémoire d’éléphant ) ។ ក្រោយមកបានក្លាយទៅជាអ្នកបកប្រែឱ្យអគ្គស្នងការនគរបាលជាតិ ដោយមើលឃើញពីសមត្ថភាពពិតៗ របស់គាត់ ថ្នាក់លើបានបញ្ជូនគាត់ទៅហ្វឹកហ្វឺនក្លាយជានគរបាលដែលមានក្របខណ្ឌពេញសិទ្ធិ» ។
បុរសខាងលើ បានបន្ថែមថា ដោយសារបញ្ហាកូវីដ ទើបធ្វើឱ្យសន្តិសុខរូបនោះ មិនសូវសម្បូរការងារផ្នែកបកប្រែ ទើបជំរុញឱ្យគាត់បានបាត់បង់ការងារជាអ្នកបកប្រែ ក៏មករកប្រាក់ចំណូលបន្ថែម ដោយធ្វើជាសន្តិសុខនៅធនាគារ ABA រហូតកើតរឿងអាក្រក់មួយនេះ ចំពោះរូបគេកាលពីយប់ថ្ងៃទី ០៦ មេសា កន្លងទៅនោះ ៕
អត្ថបទដោយ៖ Muyly