
នាពេលថ្មីៗនេះ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋជាច្រើន បានទទួលការទូរស័ព្ទចូលពីលេខក្រៅប្រទេស ដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែទូរស័ព្ទចូលហើយ ដាក់ចុះវិញភ្លាមៗ ។
តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះ យកលេខទូរសព្ទរបស់ខ្លួន ទូរស័ព្ទទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ ។
ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើន នៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួន ទូរស័ព្ទទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់ នឹងត្រូវបានកាត់យកពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ ។
ដូច្នេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំប្រជាពលរដ្ឋទាំងអស់កុំទូរស័ព្ទទៅលេខក្រៅប្រទេសដែលលោកអ្នកមិនស្គាល់ ហើយជាពិសេសប្រសិនបើបងប្អូនទទួលបានសារ មានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតប ព្រោះនេះគឺជាការបោកបញ្ឆោតរបស់ក្រុមក្រុមជនខិលខូចតែប៉ុណ្ណោះ ៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
អត្ថបទដោយ៖ Muyly